សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។

 
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថាអគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់ឡេីងនៅខែមីនាឆ្នាំ២០២០ និងបានបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ អគារនេះចំណាយថវិកាសរុបប្រមាណ៨ លានដុល្លារអាមេរិក ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA។

ឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាបានអបអរសាទរចំពោះសមិទ្ធផលនៃអគារមជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ដែលកើតចេញពីចំណងមិត្តភាពកម្ពុជា-កូរ៉េ។

ឯកឧត្តមបានមានប្រសាសន៍ថាអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប២៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្ឋកូរ៉។ ឆ្នាំនេះកម្ពុជា-កូរ៉េ មានសមិទ្ធផលជាច្រើនដែលត្រូវបានបើកការដ្ឋានសាងសង់ និងសម្ពោធឱ្យប្រើប្រាស់ ដូចជា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ សម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ២១ និងការសម្ពោធអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍ទៀតថា អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរ វាងកម្ពុជា និងកូរ៉េ។ ក្នុងនាមជាស្ថាបនិកនៃការភ្ជាប់ឡើងវិញនៃទំនាក់ទំនងប្រទេសទាំង២ សម្តេចតេជោពិតជាមានមោទនភាពចំពោះទំនាក់ទំនងនេះ ដែលនាំអោយកើតមាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាក្តីរីករាយចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ ដូចជាផ្នែកជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រឹងប្រែងជំនះការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ។ សម្តេចតេជោបានថ្លែងថា វេលាពេលនេះកាលពីឆ្នាំ២០២១ គឺជាពេលដ៏លំបាកសម្រាប់កម្ពុជា ដោយសារការឆ្លងជំងឺកូវីដ-១៩មានការផ្ទុះខ្លាំង ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលពេលនោះមានមនុស្សស្លាប់ និងមានអ្នកសម្រាកនៅមន្ទីពេទ្យជាបន្តបន្ទាប់  តែឆ្នាំនេះយើងមានស្ថានភាពល្អប្រសើរ ទាំងនេះដោយសារតែយុទ្ធសាស្ត្រនៃការចាក់ស្រោចវ៉ាក់សាំងរបស់យើងបានទាន់សភាពការណ៍។ តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្តទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យចំពោះអ្នកជំងឺ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។ សម្តេចតេជោបានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ  រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។

សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា ព្រោះកម្ពុជាធ្លាប់ត្រូវបានគេឈ្លានពានពីអតីតកាល ដូច្នេះកម្ពុជា មិនគាំទ្រការឈ្លានពាននោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍ថា ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

នៅថ្ងៃនេះ សម្តេចតេជោបានអបអរសាទរចំពោះសមិទ្ធផលផ្នែកសុខាភិបាល នៃមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ

។ ទន្ទឹមនឹងនោះ​ សម្តេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារមន្ទីរពេទ្យនេះចាប់ពីពេលនេះតទៅ៕

 

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សូមចុច join Telegram https://t.me/cngtvcambodia