[វីដេអូ] # Ep.86 អត្ថប្រយោជន៍សុខភាពទាំង ៧ នៃគ្រាប់ជី
អ្នកប្រាកដជាស្គាល់ហើយថាគ្រាប់ពូជ ជីដែលមានទំហំតូច ប៉ុន្តែគ្រាប់ជីសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមិនគួរឱ្យជឿ។ គ្រាប់ជីផ្ទុកទៅដោយសារធាតុសំខាន់ៗជាច្រើនដែលមានដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ ជាតិសរសៃ និងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយដល់សុខភាពបេះដូង ជំនួយឆ្អឹងឱ្យរឹងមាំ និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ដូចនេះយើងសូមចែករំលែកនៅអត្ថប្រយោជន៍ជាច្រើនរបស់គ្រាប់ជីមានដូចជា
1. សំបូរជីវជាតិ
គ្រាប់ពូជ ជីគឺជាគ្រាប់ដែលមានរាងតូចៗពណ៌ខ្មៅ។គ្រាប់ជីសំបូរទៅដោយជាតិជីវជាតិខ្ពស់មានដូចជា ជាតិសរសៃ ប្រូតេអ៊ីន កាល់ស្យូម អាស៊ីតខ្លាញ់អូមេហ្គា 3 ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិដែក ម៉ាញ៉េស្យូមស័ង្កសី វីតាមីន B1 B3 និងមីក្រូសារជាតិផ្សេងៗ។
2. ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
គ្រាប់ពូជ ជីផ្ទុកទៅដោយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ សមាសធាតុទាំងនេះជួយការពារខ្លាញ់ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព។
3. ជួយសម្រកទម្ងន់
ជាតិសរសៃ និងប្រូតេអ៊ីននៅក្នុងគ្រាប់ជីផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលព្យាយាមសម្រកទម្ងន់។ ដោយសារតែគ្រាប់មានជាតិសរសៃរច្រើន និងប្រូតេអ៊ីន ជួយទប់ស្កាត់ការលើសទម្ងន់ និងការធាត់ជាហេតុធ្វើអ្នកមិនសូវមានចំណង់អាហារ។
4. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
គ្រាប់ជីមានជាតិសរសៃ និងអូមេហ្គា3ខ្ពស់ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ គ្រាប់ជីអាចជួយបញ្ចុះកូឡេស្តេរ៉ុលសរុប និង LDL (អាក្រក់) នៅក្នុងឈាម។
5. ជួយឆ្អឹង
គ្រាប់ជី សម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពឆ្អឹងឲ្យល្អប្រសើរ។ ត្រឹមតែ ២៥ ក្រាមនៃគ្រាប់ជីមានផ្ទុកកាល់ស្យូមដល់ទៅ ១៥៧ មីលីក្រាមដែលច្រើនជាងបរិមាណនៃកាល់ស្យូមក្នុងទឹកដោះគោស្រស់ ១០០ មីលីលីត្រទៅទៀត។
6.កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
ការទទួលទានគ្រាប់ជីអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនិង ផលវិបាកជាច្រើនរួមទាំងជំងឺបេះដូងផងដែរ។
7.ជួយឲ្យធ្មេញរឹងមាំ
ក្រៅពីជួយឱ្យឆ្អឹងរឹងមាំ កាល់ស្យូមក៏សំខាន់សម្រាប់សុខភាពមាត់ធ្មេញផងដែរ។ លើសពីនេះទៅទៀតគ្រាប់ជីមានផ្ទុកសារធាតុ boron ដែលជួយក្នុងការរំលាយម៉ាញ៉េស្យូម កាល់ស្យូម ផូស្វ័រ និងម៉ង់កាណែសសម្រាប់ការលូតលាស់ និងជួយឲ្យធ្មេញរឹងមាំ។