ឯកឧត្តម វ៉ា ថន និងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាព ក្រចេះ-ប៊ិញយឿង ក្នុងក្រុងក្រចេះ
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាព ក្រចេះ-ប៊ិញយឿង ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ កាលពីព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។
ស្ពានមិត្តភាព ក្រចេះ-ប៊ិនយឿង ដែលបានដាក់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃពុធម្សិលមិញនេះជាប្រភេទស្ពានបេតុងសរសៃដែកមានទទឹង ៨,២ ម៉ែត្រ បណ្តោយ ៣៦ ម៉ែត្រ ឆ្លងកាត់ព្រែកអណ្តែនដូន ខណ្ឌចែកភូមិសាស្ត្រសង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ជាអំណោយរបស់គណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង សារធារណរដ្ឋសង្គមនិយម វៀតណាម ដែលជាខេត្តមានព្រំប្រទល់ជាប់នឹងខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា ជាសម្ព័ន្ធមិត្តលើកិច្ចសហប្រតិបត្តិការជាដៃគូ។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿងបានបញ្ជាក់ថា ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម មានភាពល្អប្រសើរ និយាយជារួមខេត្តក្រចេះនិងខេត្តប៊ិញយឿង។
ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្តក្រចេះ និងខេត្តប៊ិញយឿងតែងតែបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន អាជីវករ ពាណិជ្ជករ វិនិយោគគិនក្នុងការឆ្លងកាត់ ទិញ លក់ ដោះដូរទំនិញ ការសម្របសម្រួលសួរសុខទុក្ខញាតិមិត្ត និងចេញចូលព្យាបាលជំងឺជាដើម។
ឯកឧត្ដមអភិបាលខេត្តទាំងពីរ ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទដែល ពិភពលោកទាំងមូលបានប្រឈមមុខនឹងជំងឺកូវីដ-១៩ ធ្វើឱ្យបណ្តាខេត្តនៃព្រះរាជាណា ចក្រកម្ពុជាដែល មានព្រំដែនជាប់នឹងខេត្តនៃសា ធារណរដ្ឋសង្គមនិយមវៀតណាម បានយកចិត្តទុកដាក់ខ្ពស់ រួមគ្នាទប់ស្កាត់ និងការការពារពីការចម្លងជំងឺកូវីដ-១៩ ដោយរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន គ្រប់គ្រងបង្ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ រួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែនសំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ នៅតំបន់ព្រំដែនក្នុងកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន