ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ មានភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។
ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់
* ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់
* ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់
* ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់
* ខេត្តសៀមរាប ៤០០,៥៩១នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់
* ខេត្តព្រៃវែង ៣៨២,៨៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់
* ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់
* ខេត្តកំពត ២៥៤,២៧០នាក់
* ខេត្តព្រះសីហនុ ២៣២,២៦៤នាក់
* រាជធានីភ្នំពេញ ២២២,២២០នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលមិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។
បើតាមឯកឧត្ដម ថោង ខុន តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍