គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ គិតមកដល់ពេលនេះសម្រេចវឌ្ឍនភាពការងារបានប្រមាណ៨៥%ហើយ
ភ្នំពេញ៖ ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាភិបាល មន្រ្តី បុគ្គលិក កម្មករ។
ថ្លែងទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១%) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩%) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ ១២លានដុល្លារអាមេរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានជារួមប្រមាណ ៨៥% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជាការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើនការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀតនេះគឺ ជាជំហានដ៏ធំមួយដែលជួយបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភស្តុភារកម្មរបស់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ផងដែរ។
គម្រោងប្រព័ន្ធផ្លូវទឹក និងភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យដូចជា៖ លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្មដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះក៏នឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍនគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជានិរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំកំពង់ផែ បុគ្គលិក មន្ត្រី ក្រុមប្រឹក្សាភិបាល ដែលមានគំនិតផ្ដួចផ្ដើម បានខិតខំប្រឹងប្រែងស្វែងរកដៃគូផ្នែកឯកជន សហការគ្នាបានយ៉ាងល្អ ហើយបន្ថែមពីនេះទៀត ការចូលរួមពីវិស័យឯកជនជាមួយវិស័យរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនផងដែរ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន