ប្រភេទកីឡាឃីកបុកស៊ីង នឹងរួមដំណើរជាមួយពេលវេលានៅសល់៣០០ថ្ងៃដើម្បីឆ្ពោះទៅរកមេដាយមាស៣គ្រឿង នាស៊ីហ្គេម ឆ្នាំ២០២៣
គ្រប់ប្រភេទកីឡាប្រមាណ៤០របស់កម្ពុជាកំពុងសម្រួចគោលដៅ ទាំងគោលដៅរៀបចំ និងពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
ប្រភេទកីឡាឃីកបុកស៊ីងកម្ពុជា ដែលដណ្តើមបានមេដាយមាសទី១ ក្នុងចំណោមមេដាយមាសសរុប៩គ្រឿង នៅក្នុងការប្រកួតកីឡាស៊ីហ្គេមយុទ្ធសាស្ត្រ លើកទី៣១ កាលពីខែឧសភា ឆ្នាំ២០២២ នៅក្រុងហាណូយ ប្រទេសវៀតណាម គឺជាការកសាងទំនុកចិត្តកាន់តែខ្ពស់ ក្នុងការសម្រួចគោលដៅឱ្យកាន់តែមុតស្រួច ឆ្ពោះទៅរកមេដាយមាសចំនួន៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមសន្ទស្សន៍មេដាយមាសដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។
គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ គឺសល់រយៈពេលចំនួន ៣០០ថ្ងៃគត់ នៃពិធីបើកជាផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងត្រូវប្រារព្ធធ្វើឡើង ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ឯកឧត្តម ហេង សុឃន បានលើកបង្ហាញពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ស្របតាមសន្ទស្សន៍មេដាយមាសបានដាក់ចេញជាគោលការណ៍ឱ្យដណ្តើមបានមេដាយមាសចំនួន៣គ្រឿង។ ឯកឧត្តមចាត់ទុកថា ប្រភេទកីឡាឃីកបុកស៊ីង ដែលដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ យកមកជូនជាតិពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាស៊ីហ្គេមយុទ្ធសាស្ត្រចុងក្រោយនោះ គឺជាការជំរុញបន្ថែម ក្នុងការកសាងទំនុកចិត្តកាន់តែខ្ពស់ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា “យើងមានកីឡាករ កីឡាការិនីគ្រប់ប្រភេទទម្ងន់ទាំងអស់ហើយៗការដាក់វិញ្ញាសាទាំងនោះគឺនឹងត្រូវដាក់ឆ្លង និងសម្រេចជាគោលការណ៍ពីសហព័ន្ធកីឡាឃីកបុកស៊ីងពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍ជាដើម។ ទោះជាយើងជាម្ចាស់ផ្ទះ ក៏មិនមែនដាក់ប្រភេទទម្ងន់តាមតែយើងនឹកឃើញនោះដែរ ពោលគឺការកំណត់តាមទម្រង់បច្ចេកទេសពីអន្តរជាតិ”។
ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរ សហព័ន្ធនឹងស្នើសុំគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ប្រភេទទម្ងន់ដែលមានសក្តានុពលបន្ថែម ទាំងកីឡករ និងកីឡាការិនី។ នេះជាគោលការណ៍ ឬផែនការសកម្មភាពការងារសម្រាប់ទិសដៅរបស់សហព័ន្ធ។ ជាមួយគ្នានោះ សហព័ន្ធក៏កំពុងអនុវត្តន៍ការងារស្របតាមការចង្អុលបង្ហាញពីគណៈកម្មាធិការជាតិ CAMSOC ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីសម្រួចគោលដៅឆ្ពោះទៅដណ្តើមមេដាយមាសឱ្យបានយ៉ាងតិច៣គ្រឿង។
បើតាមឯកឧត្តម ហេង សុឃន ដោយសារតែពេលវេលាកាន់តែកៀកពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺនៅសល់ ៣០០ថ្ងៃនោះ សហព័ន្ធក៏កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរៀបចំកម្មវិធីហ្វឹកហាត់បំប៉នគុណភាពបច្ចេកទេសជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិយ៉ាងសកម្មផងដែរ តាមរយៈការហ្វឹកហាត់នេះគុណនឹងចំនួន៤ដង នៃការហ្វឹកហាត់កន្លងមក។ “យើងបានឆ្លងកាត់ការប្រកួតស៊ីហ្គេមយុទ្ធសាស្ត្រ ដូច្នេះ ពេលនេះ យើងមានបទពិសោធច្រើន ក្នុងការហ្វឹកហាត់បន្ថែម។ យើងទទួលបានការជំរុញទឹកចិត្ត ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ CAMSOC រួមជាមួយដៃគូអភិវឌ្ឍន៍ផងដែរ ក្នុងការជួយជំរុញដល់ការហ្វឹកហាត់បច្ចេកទេសរបស់ក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា”។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ហេង សុឃន។
មុនការប្រកួតស៊ីហ្គេមឆ្នាំ២០២៣មកដល់ សហព័ន្ធក៏បានត្រៀមកីឡាករ កីឡាការិនីមួយចំនួន ក្នុងការចូលរួមប្រកួតលក្ខណៈអន្តរជាតិផងដែរ ដើម្បីបង្កើនបានបទពិសោធន៍ត្រៀមខ្លួនឱ្យកាន់តែមោះមុត សម្រាប់គោលដៅស៊ីហ្គេម ឆ្នាំ២០២៣។
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីង ឯកឧត្តម ហេង សុឃន បានថ្លែងឱ្យដឹងថា ការដណ្តើមមេដាយនៅស៊ីហ្គេម គឺជាជោគជ័យមួយ ដោយឯកឧត្តមក៏សូមលើកទឹកចិត្តដល់កីឡាករជ័យលាភីទាំងអស់ ហើយសហព័ន្ធអន្តរជាតិក៏បានលើកសរសើរប្រភេទកីឡាឃីកបុកស៊ីងផងដែរថាកកម្ពុជាអាចធ្វើបានល្អបែបនេះ។ ទន្ទឹមនេះ សហព័ន្ធកីឡាឃីកបុកស៊ីងតែងតែទទួលបានការលើកទឹកចិត្ត ចង្អុលបង្ហាញពីឯកឧត្តម តែម ម៉ឺន ដែលជាប្រធានកិត្តិយសសហព័ន្ធ ដើម្បីជំរុញឱ្យឃីកបុកស៊ីងកម្ពុជាអាចដណ្តើមបានកិត្តិយស និងកិត្យានុភាពជូនជាតិ។ អ្វីដែលពិសេសបំផុត ឯកឧត្តមក៏បង្ហាញការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែផ្តល់ការលើកទឹកចិត្តគ្រប់បែបទាំងសម្ភារ ស្មារតី និងថវិកាផងដែរ ហើយអ្វីៗដែលយើងទាំងអស់គ្នាកំពុងកសាង និងធ្វើការអភិវឌ្ឍបែបនេះ គឺអាស្រ័យកត្តាធំជាងគេ នៃសុខសន្តិភាពនោះហើយ។ ជាមួយគ្នានោះ ជោគជ័យនេះក៏រួមចំណែកដ៏សំខាន់ពីការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ ដែលតែងតែតាមដានគាំទ្រគ្រប់កម្មវិធីប្រកួតរបស់ឃីកបុកស៊ីង នៅក្នុងពេលស៊ីហ្គេម ឆ្នាំ២០២២។
ឯកឧត្តម ហេង សុឃន បានបញ្ជាក់បន្ថែមថា តាំងពីចូលស៊ីហ្គេម ឆ្នាំ២០២២ ជាពិសេសគឺក្នុងពេលដែលត្រៀមខ្លួន ស៊ីហ្គេម ២០២៣ សហព័ន្ធពុំទាន់មានបញ្ហាប្រឈមអ្វីនោះឡើយ ទាំងថ្នាក់ដឹកនាំ ទាំងគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលយើងទាំងអស់គ្នាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួចគោលដៅឱ្យទទួលបានជោគជ័យនៃសន្ទស្សន៍មេដាយមាស ៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសឱ្យប្រភេទកីឡាឃីកបុកស៊ីងទទួលបានបទពិសោធន៍កាន់តែច្រើន ក្នុងការប្រកួតអន្តរជាតិ។
ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរជួយផ្តល់ការគាំទ្របន្ថែម ដើម្បីរួមគ្នាឱ្យសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ជាមួយនឹងម្ចាស់មេដាយមាសកីឡាករជម្រើសជាតិឃីកបុកស៊ីង ទូច រ៉ាឆាន់ ដែលមហាជនស្គាល់ បឺត សង្ឃឹម ដែលកំពុងល្បីល្បាញក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង និងជាម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមក៏បង្ហាញនូវមហិច្ឆតាខ្ពស់របស់ខ្លួន ក្នុងការការពារមេដាយមាសជាថ្មីម្តងទៀត ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣ផងដែរ។
កើតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ទូច រ៉ាឆាន់ ត្រូវបានលោកតារបស់ខ្លួនយកមករស់នៅនៅខេត្តកំពង់ឆ្នាំង តាំងពីមានវ័យ៣ឆ្នាំមកម្លេះ។ ជាកូនច្បង ក្នុងគ្រួសារ រ៉ាឆាន់ បានសិក្សាត្រឹមថ្នាក់ទី៧ប៉ុណ្ណោះ ក្នុងខណៈដែលរូបគេជាកូនកំព្រាឪពុក។ រ៉ាឆាន់ បានសុំម្តាយ (ជាស្ត្រីមេម៉ាយ) របស់ខ្លួនមកហ្វឹកហាត់ នៅភ្នំពេញ ដែលពេលនោះលោកមានអាយុ១៤ឆ្នាំជាមួយពូរបស់គេ គឺលោក បឺត ខាំ និង បឺត សំខាន់ ដែលជាអ្នកប្រដាល់។ ចាប់តាំងពីឆ្នាំ២០១៦មក រ៉ាឆាន់ បានមកហ្វឹកហាត់ជាប់លាប់ និងបានឡើងប្រកួតលើសង្វៀនបានច្រើន និងជាមួយនឹងកីឡាករបរទេសបានច្រើនប្រកួតជាបន្តបន្ទាប់។
ប៉ុន្តែនៅឆ្នាំ២០១៧-២០១៨ អ្នកប្រដាល់គុនខ្មែរ ទូច រ៉ាឆាន់ បានធ្លាក់ចុះបច្ចេកទេស ដោយសារចាញ់ការប្រកួតច្រើន ដែលធ្វើឱ្យបណ្តាស្ថានីយទូរទស្សន៍នានាលែងចាប់គូឱ្យប្រកួត ហើយពេលនោះកីឡាកររូបនេះបានគិតថាមានតែទៅរកធ្វើជាកម្មករសំណង់ ឬការងារផ្សេងជំនួសវិញការប្រកួតគុនខ្មែរតាមស្ថានីយទូរទស្សន៍។ ក្នុងពេលនោះ ឆន្ទៈរបស់រ៉ាឆាន់ មិនទាន់ចង់លាឈប់ពីកីឡាប្រដាល់នោះទេ ដោយនៅតែចង់រកលុយពីការប្រកួត ដើម្បីដោះស្រាយជីវភាព ខណៈពូរបស់គេក៏បានលើកទឹកចិត្តឱ្យបន្តការខិតខំហ្វឹកហាត់ឡើងវិញ ដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងប្រភេទកីឡាប្រយុទ្ធមួយនេះ។
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការហ្វឹកហាត់ពេញលេញឡើងវិញ នៅក្លឹបប៉ែនកាក់គុនខ្មែរ (ភ្នំពេញ) ទូច រ៉ាឆាន់ ក៏មានឱកាសបានឡើងប្រកួតឡើងវិញ នាអំឡុងពាក់កណ្តាលឆ្នាំ២០១៩ ជាពិសេសគឺការប្រកួតដណ្តើមខ្សែក្រវាត់គោជល់។ ប៉ុន្តែ រ៉ាឆាន់ បានបាត់បង់ឱកាសដណ្តើមខ្សែក្រវាត់នេះ ហើយចាត់ទុកថាវាជាការបាត់បង់ឱកាសដ៏ល្អ ក្នុងអាជីពជាកីឡាករប្រដាល់របស់ខ្លួន។
ទូច រ៉ាឆាន់ បាននិយាយថា “បន្ទាប់មកខ្ញុំបានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ ស្រាបៀរកម្ពុជា ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្ញុំកើតជំងឺគ្រុនឈាម ប៉ុន្តែខ្ញុំនៅតែព្យាយាមមើលថែព្យាបាលខ្លួន ហើយឡើងទៅប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំក៏បានក្លាយជាម្ចាស់ខ្សែក្រវាត់ ស្រាបៀរកម្ពុជា ជាលើកដំបូងក្នុងអាជីពកីឡាករប្រដាល់របស់ខ្ញុំ កាលពីចុងឆ្នាំ២០២០”។
នៅដើមឆ្នាំ២០២១ ទូច រ៉ាឆាន់ បានជាប់ជាកីឡាករជម្រើសជាតិឃីកបុកស៊ីង ដែលក្នុងឱកាសនោះ កីឡាកររូបនេះបានឈ្នះការប្រកួតជាច្រើន រហូតដល់ដណ្តើមបានជើងឯករង ខ្សែក្រវាត់ ហ្គេនប៊ឺគ នៅស្ថានីយទូរទស្សន៍ PNN ដែលការប្រកួតនេះបានធ្វើឱ្យ ទូច រ៉ាឆាន់ រងរបួសបាក់ដៃស្តាំ ហើយបានបន្តការព្យាបាលប្រហែល៦ខែ មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២។
ក្នុងពេលប្រកួតស៊ីហ្គេម ទូច រ៉ាឆាន់ បានប៉ះជាមួយកីឡាករ ហ្វីលីពីន ដែលជាការប្រកួតបើកឆាកមុនគេ។ កីឡាករជម្រើសជាតិឃីកបុកស៊ីងរូបនេះបង្ហាញថា ខ្លួនមានភ័យខ្លាចខ្លះៗដែរ ព្រោះការប្រកួតអន្តរជាតិផ្នែកកីឡាឃីកបុកស៊ីង គឺជាលើកដំបូងក្នុងជីវិតរបស់ខ្លួន ដោយសារកន្លងមកធ្លាប់តែប្រកួតគុនខ្មែរ។ ដោយសារប្រកួតឃីកបុកស៊ីង ត្រូវទាត់ ប្រើការម៉ាត់ពិសេស ហើយការទាត់ត្រូវចាប់ពីចង្កេះឡើងទៅ និងត្រូវចាប់ពី៦ជើងឡើងទៅ។ កីឡាករ ទូច រ៉ាឆាន់ បានបញ្ជាក់ឱ្យដឹងថា “ការប្រកួតដំបូងនេះ ខ្ញុំបានប្រកួតឈ្នះម្ចាស់មេដាយប្រាក់កីឡាករហ្វីលីពីន និងបន្តយកឈ្នះកីឡាករម៉ាឡេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅវគ្គផ្តាច់ព្រ័ត្រ ខ្ញុំបានប្រកួតឈ្នះកីឡាករថៃ ហើយឈ្នះមេដាយមាសជូនជាតិតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ពេលដណ្តើមបានមេដាយមាសជូនជាតិបែបនេះ”។
សម្រាប់គោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ម្ចាស់មេដាយមាសរូបនេះប្តេជ្ញាចិត្តថា “ខ្ញុំនឹងបន្តការខិតខំហ្វឹកហាត់ឱ្យអស់ពីលទ្ធភាព ដើម្បីការពារមេដាយមាសជូនជាតិជាថ្មីម្តងទៀត”។
អ្វីដែលពិសេស គឺកីឡាករ ទូច រ៉ាឆាន់ បានប្រកួតឈ្នះកីឡាករថៃ ប៉េនថេប អេកមឿងនុន នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរជើឯកពិភពលោក (WORLD FIGHT KUN KHMER SERIES) កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈព្រឹត្តិការណ៍នេះមានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយវិស័យកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
គួររម្លឹកថា នៅក្នុងចំណោមេដាយសរុប ៦៣គ្រឿងរបស់កម្ពុជា ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលមានមេដាយមាស៩គ្រឿង ប្រាក់១៣ និងសំរឹទ្ធ៤១គ្រឿង ក្នុងនោះប្រភេទកីឡាឃីកបុកស៊ីងឈ្នះមេដាយសរុប៥គ្រឿង ដោយដណ្តើមបានដោយកីឡាករ ទូច រ៉ាឆាន់ មេដាយមាស១ លើទម្ងន់៥៧គីឡូក្រាម, មេដាយប្រាក់៣ ដោយកីឡាករ កាំ ម៉េងហុង ទម្ងន់៥៤គីឡូក្រាម, កីឡាករ ឈឿន ល្វៃ ទម្ងន់៧១គីឡូក្រាម, កីឡាករ លន បញ្ញា ទម្ងន់៦៧គីឡូក្រាម និងមេដាយសំរឹទ្ធ១ ដោយកីឡាករ សាន់ រ៉ាគឹម លើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន