សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ការរីកចម្រើនខាងវិស័យឯកជន គឺមានសារៈសំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកា ធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ ក្រុមហ៊ុន ។

 
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ការរីកចម្រើនខាងវិស័យឯកជន គឺមានសារៈសំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា

មានប្រសាសន៍ក្នុងពិធីនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានភាពជឿជាក់យ៉ាងមុតមាំថា ការរីកចម្រើនខាងវិស័យឯកជន គឺមានសារៈសំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បរិស្ថានអំណោយផលដល់អាជីវកម្ម និងការវិនិយោគ ដែលការប្ដេជ្ញាចិត្តនេះប្រត្យក្ស ច្បាស់លាស់នៅក្នុងច្បាប់ថ្មីស្តីពីពន្ធដារ ធានាជំរុញឱ្យមានតម្លាភាព អាចព្យាករណ៍បាន និងរចនាសម្ព័ន្ធ ពន្ធដែលទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគដែលផ្តល់នូវការលើកទឹកចិត្ត និងផ្តោតលើវិស័យចម្រុះ។ ការដាក់បង្ហាញសៀវភៅស្តីពី ការវិនិយោគនៅកម្ពុជា ថ្មី ដែលរៀបចំឡើង ដោយ DFAT របស់ អូស្ត្រាលី និងក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា នាខែកក្កដា ឆ្នាំ២០២៣ គឺជាការណែនាំដ៏ទូលំទូលាយ សម្រាប់អ្នកវិនិយោគទុន។

ក្រៅពីនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដើម្បីធានាឱ្យអាជីវកម្ម និងការវិនិយោគនៅកម្ពុជាមានលទ្ធភាពក្នុងការចូលទៅទីផ្សារក្នុងស្រុក និងអន្តរជាតិ និងកត្តាចាំបាច់ ដ៏ទៃទៀត តួយ៉ាងដូចជា សមាជិកភាពរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងសេរីភាពទ្វេភាគី និងពហុភាគី សំខាន់ៗ ផ្ដល់ឱកាសអស្ចារ្យសម្រាប់ការវិនិយោគ និងអាជីវកម្មនៅកម្ពុជា ក្នុងគោលដៅនាំចេញ អាចទទួលបានភាពជោគជ័យក្នុងរយៈពេលវែង។ រាជរដ្ឋាភិបាលកម្ពុជា បន្តវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវ កំពង់ផែសមុទ្រជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌល ឡូជីស្ទីក ក្នុងបំណងស្វះស្វែងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រក របៀងសំខាន់ៗទាំងនៅក្នុងប្រទេស និងតំបន់៕



ប្រភព៖ ក្រសួងព័ត៌មាន