ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់បង្កើតថ្នាលបណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្ដល់កិត្តិយសជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធ។
ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ នេះគឺជាប្រវត្តិសាស្ត្រ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ លោកចង់ឃើញកូនខ្មែរយើងជំនាន់នេះ និងជំនាន់បន្តបន្ទាប់ មានសមត្ថភាពដូចបុព្វបុរសយើងសម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ ថែមទាំងល្បីល្បាញពាសពេញសកលលោកទៀតផង។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា៖ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា នឹងជ្រើសរើសនិស្សិតចំនួន ២០០នាក់ ដើម្បីសិក្សានៅវិទ្យសា្ថនតេជោសែន សាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងទាំងពីរកំពុងពិភាក្សាលើថ្លៃសិក្សា ឬការផ្ដល់អាហារូបករណ៍។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា៖ ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកមូលនិធិនានាពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់អាហារូបករណ៍ជូននិស្សិតដែលជួបការលំបាក ប៉ុន្តែមានសមត្ថភាព និងមហិច្ឆតាចង់សិក្សាជំនាញនេះ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕
ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន