ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន តាមប្រព័ន្ឋវីដេអូ
MC៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គម្រោងអញ្ជើញចូលរួមប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម។
សេចក្តីប្រកាសបន្ដថា កិច្ចប្រជុំចង្អៀតនេះ នឹងពិនិត្យមើលការអនុវត្តផែនការ ការងារនានាដែលសម្រេចដោយថ្នាក់ដឹកនាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញ នូវផែនការលម្អិតរបស់អាស៊ាន វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោក នាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកល នៃកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។
សូមបញ្ជាក់ថា ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការកិច្ចប្រជុំអាស៊ាន នាឆ្នាំនេះ ក្រោមមូលបទ«យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ គោលការណ៍ ៣ចំណុច ដោយ
ទី១- ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន។
ទី២- ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត
ទី៣- បង្កើតឱកាសសម្រាប់ កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕
ប្រភព: ក្រសួងព័ត៌មាន