រដ្ឋមន្រ្ដីក្រសួងអប់រំលើកឡើងថា ការប្រកួតប្រជែងគម្រោងអភិវឌ្ឍន៍សហគមន៍ គឺជាសកម្មភាពសិក្សាមួយឆ្លើយតបទៅនឹងការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការប្រកួតប្រជែងគម្រោងអភិវឌ្ឍន៍សហគមន៍នេះ ជាសកម្មភាពសិក្សាមួយឆ្លើយតបទៅនឹងការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ហើយក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងស្ម័គ្រចិត្តរបស់យុវជន ក្នុងការលើកកម្ពស់ការងារស្ម័គ្រចិត្ត។

 
រដ្ឋមន្រ្ដីក្រសួងអប់រំលើកឡើងថា ការប្រកួតប្រជែងគម្រោងអភិវឌ្ឍន៍សហគមន៍ គឺជាសកម្មភាពសិក្សាមួយឆ្លើយតបទៅនឹងការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការប្រកួតប្រជែងគម្រោងអភិវឌ្ឍន៍សហគមន៍នេះ ជាសកម្មភាពសិក្សាមួយឆ្លើយតបទៅនឹងការសម្រួចអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ហើយក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងស្ម័គ្រចិត្តរបស់យុវជន ក្នុងការលើកកម្ពស់ការងារស្ម័គ្រចិត្ត។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ “ប្រសិនបើគ្រប់គ្នាបានធ្វើ” ដែលក្នុងនោះក៏មានការប្រកួតផ្តាច់ព្រ័ត្រកម្មវិធី "ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ" កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម JUSTIN WHYATT ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី ហ្គ្វីនិត វង់ នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា នេះក៏ចាត់ទុកថា ជាការសិក្សាជាក់ស្តែងមួយទៀត ដែលផ្តល់ដល់អ្នកស្ម័គ្រចិត្តនូវបទពិសោធន៍ដ៏មានតម្លៃ និងមានភាពសម្បូរបែប ដូចជាការកសាងនូវមូលដ្ឋានសម្រាប់ការបង្កើតទំនាក់ទំនងក្នុងសង្គម ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គោលដៅនៃការងារស្ម័គ្រចិត្ត ដើម្បីបំពេញបន្ថែមដល់ទិសដៅនៃការអប់រំ ការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ និងធ្វើឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត ត្រូវបានក្លាយជាកម្មវិធីមួយ នៅក្នុង ការអនុវត្តស្តង់ដារសាលារៀនគំរូ តាមរយៈការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ឆ្ពោះទៅលើកកម្ពស់ សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស។ ជាមួយគ្នានេះ ក្រសួងអប់រំក៏បានដាក់ចេញវិធានការ ដូចជា

១. “ការអភិវឌ្ឍផ្នែកទន់” ជាពិសេស ក្រសួងបញ្ជ្រាប និងបញ្ចូលកម្មវិធីអភិវឌ្ឍន៍យុវជនទូទៅនៅក្នុងសាលារៀនដូចជា ការអប់រំបរិស្ថាន អនាម័យ ស្អាត សីលធម៌ ។ល។ ដើម្បីកាត់បន្ថយពេលទំនេររបស់សិស្ស និងបង្កើតទម្លាប់ល្អរបស់សិស្ស។

២. ការរៀបចំ “កម្មវិធីអប់រំចរិយាធម៌” ដោយផ្តោតលើការចេះគោរពចាស់ទុំ តាមរយៈការសំពះ ការស្លៀកពាក់ស្អាតបាត និងអនាម័យល្អ

៣. ការរៀបចំ “សេចក្តីណែនាំស្តីពីការអប់រំចរិយាសម្បទា” ដោយដកស្រង់ពីមុខវិជ្ជា សីលធម៌ និងពលរដ្ឋវិទ្យា។ ការរៀបចំវិធានការ ដើម្បីលើកកម្ពស់ការយល់ដឹងពីវប្បធម៌ និងអារ្យធម៌ខ្មែរ ដូចជាការសំពះ និងឥរិយាបថល្អសម្រាប់កុមារ និងយុវជន៕

 ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា