រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារ នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ
រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងត្រៀមរៀបចំកម្មវិធី ពិព័រណ៍ម្ហូបអាហារជាថ្មីម្តងទៀត និងកម្មវិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ឈានចូលឆ្នាំ២០២៤ ក្នុងរយៈ ពេល ០៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។
នេះបើតាមការលើកឡើងពី ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា បានអះអាងថាការ រៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ ដើម្បីជាការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលត្រូវបានចុះបញ្ជីជាបណ្ដាញ ទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ កាលពីពេលថ្មីៗកន្លងទៅនេះ ។
នៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា ភូមិម្ហូប ខ្មែរ, ពិព័រណ៍ម្ហូបអាហារ និង ផលិតផលមន្ទីរ អង្គភាព ក្រុង ស្រុក ទូទាំងខេត្ត, ពិព័រណ៍ម្ហូបអាហារ អ្នកបាត់ដំបង, ពិព័រណ៍ភូមិមួយផលិតផលមួយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រីខ្នាតយក្ស និង មាន ការបាញ់កាំជ្រួច ដើម្បីអបអរដល់ព្រឹត្តិការណ៍មួយនេះ និងការឆ្លងឆ្នាំសកលជាដើម។ ជាមួយគ្នានេះដែរសម្រាប់អាជីវករ ដែលមានចំណាប់អារម្មណ៍ ចង់លក់នៅស្តង់ពិព័រណ៍ម្ហូប អាហារ ឬ ភូមិម្ហូបខ្មែរ អាចទាក់ទងទៅកាន់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង សម្រាប់ការចូលរួមតាំង ពិព័រណ៍ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ ។
គួរជម្រាបដែរថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ទីក្រុងបាត់ដំបងបានជាប់ ជា «បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ របស់អង្គការយូណេស្កូ» ក្នុងចំណោម ទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូលបន្ថែម ក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិត របស់អង្គការយូណេស្កូ (UCCN) ៕
ប្រភព៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបង