[COVID-19] កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ថ្មី ០៩នាក់ទៀតហើយជាករណីនាំចូល
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកម៉ោង ៧:០០ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងថ្មី ០៩នាក់ទៀតហើយដែលជាអ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ។
ករណីឆ្លងថ្មីចំនួន ០៩នាក់កើតលើបុរសជនជាតិខ្មែរ ០៩នាក់ដែលបានវិលត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
សូមជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១៦៥ករណីខណៈអ្នកជាសះស្បើយមានចំនួន ១៣៣ករណី ដោយក្នុងនោះស្រ្តី ៣៩នាក់ និងបុរស ៩៤នាក់ ។
ចំពោះអ្នកដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែគឺមានចំនួន ៣២នាក់។
គួររម្លឹងថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតកាលពីថ្ងៃទី ២៧ មករា ២០២០៕
ប្រភព: ក្រសួងសុខាភិបាល