សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩
នៅព្រឹកថ្ងៃពុធ ៤កើតខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កាលពីម្សិលមិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេសដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព,ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាប្រឈមនៅពេលដែលប្រទេសយើងកើតមានជំងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ពលរដ្ឋ បើទោះបីប្រទេសយើងជាប្រទេសក្រីក្រមួយក៏ដោយ គឺយើងនៅមានលទ្ធភាពគ្រប់គ្រាន់អាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋយើងមិនអោយអត់អាហារទទួលទានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយក្រសួងផែនការសហការធ្វើ់ការជាមួយអាជ្ញាធខេត្តនីមួយៗដើម្បីប្រញ៉ាប់បញ្ជូនរបាយការណ៍បច្ចុប្បន្នភាពអំពីជនក្រីក្រពិតប្រាកដមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសាច់ប្រាក់ឧបត្ថម្ភជូនដល់ពួកគាត់ជាបន្តបន្ទាប់ថែមទៀត។ តាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង (Wind)ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ។
បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបានស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាននូវជំនួយសង្គមនាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានអោយអាជ្ញាធរអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ដែលមានស្រាប់ ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះរួមមាន របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាល និងរបបថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់កម្មករនិយោជិត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀនដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្សមកជាការចែកជាអង្ករជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះវិញ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការនិងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះដោយគោរពនិងអនុវត្តអោយបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គមនិងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល៕