មន្ត្រីជំនាញផ្នែកអភិរក្ស សម្តែងការសោកស្តាយចំពោះការស្លាប់របស់ផ្សោតទន្លេមេគង្គមួយក្បាល និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់មង និងឧបករណ៍ឆក់នៅតំបន់ផ្សោតរស់នៅ
AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានឱ្យទីភ្នាក់ងារ AKP ដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ពីការស្លាប់របស់ផ្សោតទន្លេមេគង្គឈ្មោលមួយក្បាល ដោយសម្តែងនូវការសោកស្តាយជាពន់ពេក និងអំពាវនាវឱ្យប្រជានេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់មង និងឧបករណ៍ឆក់នៅតំបន់ផ្សោតរស់នៅ ហើយត្រូវចូលរួមការពារសត្វផ្សោត ដែលជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិទាំងមូលទាំងអស់គ្នា។
លោក ផៃ សុម៉ានី បានបញ្ជាក់បន្ថែមថា ៖ “សត្វផ្សោតដែលបានស្លាប់មួយក្បាលនោះ គឺជាសត្វផ្សោតឈ្មោលមានអាយុប្រមាណចន្លោះពី១៥ ទៅ២០ឆ្នាំ មានប្រវែង២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម ហើយសាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ដែលមានទីតាំងកៀកទៅនឹងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ហើយបើតាមការពិនិត្យសពជាក់ស្តែង ដោយក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល និងអង្គការWWF បានសន្និដ្ឋានជាបឋមថា ផ្សោតនេះបានស្លាប់ដោយការជាប់មងរបស់អ្នកនេសាទ ដោយសារក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់ផ្សោត”។
បន្ថែមពីលើនេះ លោកក៏បានអំពាវនាវឱ្យប្រជានេសាទត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសនោះគឺមងនេសាទគ្រប់ប្រភេទទាំងអស់ ដែលត្រូវបានហាមឃាត់នៅក្នុងអនុក្រឹត្យលេខ១៥៥ ដោយមិនអនុញ្ញាតឱ្យមានការដាក់មងជាដាច់ខាតនៅទន្លេមេគង្គលើ ចន្លោះពីក្បាលកោះទ្រង់ នៃខេត្តក្រចេះ ទៅដល់ព្រំប្រទល់កម្ពុជាឡាវ ដែលជាកន្លែងអភិរក្សសត្វផ្សោត ប៉ុន្តែប្រជានេសាទអាចប្រើប្រាស់ឧបករណ៍នេសាទតាមបែបប្រពៃណីបាន។
សូមរម្លឹកផងដែរថា យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការ WWF តួលេខសត្វផ្សោតស្លាប់សរុប នៅក្នុងឆ្នាំ២០២២ នេះ មានចំនួន ០៩ក្បាលហើយគិតទាំងផ្សោតខាងលើ ដែលតួលេខនេះបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីអត្រានៃការស្លាប់ដ៏ខ្ពស់ ក្នុងអំឡុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ពោលគឺសត្វផ្សោតដែលបានស្លាប់មានចំនួនរហូតដល់ ២៧ក្បាល ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ (គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២)។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ៖ «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗ ពិតជាធ្វើឱ្យមានភាពសោកសង្រេងខ្លាំងណាស់ ហើយយើងសោកស្តាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតពេញវ័យដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។
យើងសូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនវិធានការអនុវត្តច្បាប់បន្ថែមទៀត ដើម្បីបញ្ឈប់ឱ្យបានទាំងស្រុងនូវរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់អភិរក្សសត្វផ្សោត។ តាមរយៈការអនុវត្តច្បាប់ដ៏តឹងរឹងបែបនេះ យើងមិនត្រឹមតែអាចការពារបាននូវសត្វផ្សោតដែលជាបេតិកភណ្ឌជាតិមានជីវិតរបស់កម្ពុជាប៉ុណ្ណោះទេ យើងថែមទាំងអាចគ្រប់គ្រងបាននូវជង្រុកត្រីធម្មជាតិដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនរាប់លាននាក់ទៀតផង។ ប្រសិនបើសកម្មភាពនេសាទខុសច្បាប់នៅតែបន្តដូចបច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គអាចនឹងឈានទៅផុតពូជនៅពេលខាងមុខមិនខាន។
ផ្សោតទន្លេមេគង្គ (Irrawaddy Dolphin) មានឈ្មោះវិទ្យាសាស្រ្ត Orcaella brevirostris ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN ក្នុងឆ្នាំ២០០៤ (Smith & Beasley, 2004) និងជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុបចំនួន ៥៨ប្រភេទ ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពី “ការកំណត់ប្រភេទផល និងផលិតផលជលផលកំពុងរងគ្រោះថ្នាក់” លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។ ក្រៅពីនេះ ផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញាស្តីពី “ការធ្វើពាណិជ្ជកម្មលើប្រភេទសត្វ និងរុក្ខជាតិកំពុងទទួលរងគ្រោះថ្នាក់” ដែលហៅកាត់ថា CITES (Convention on International Trade in Endangered Species of Wild Fauna and Flora)។
នៅក្នុងឆ្នាំ២០២២នេះផងដែរ រដ្ឋបាលជលផល និងអង្គការWWF ក៏បានកត់ត្រានូវចំនួនកូនផ្សោតកើតថ្មី ចំនួន ០៦ក្បាល ក្នុងកម្រិតគួរឱ្យជឿជាក់បាន ប៉ុន្តែមិនមែនមានន័យថា នៅក្នុងឆ្នាំ២០២២ យើងមានកូនផ្សោតកើតថ្មីតែ០៦ក្បាលនេះទេ ដោយមូលហេតុក្រុមការងារចុះតាមដាន និងកត់ត្រាចំនួនកូនផ្សោត ក្នុងរយៈពេលពី០៨ថ្ងៃ ទៅ ១០ថ្ងៃប៉ុណ្ណោះក្នុងមួយខែ ដោយហេតុនេះហើយក្នុងចន្លោះរយៈពេល២០ថ្ងៃដែលក្រុមការងារពុំបានចុះនោះ អាចមានការកើតកូនផ្សោតថ្មី និងអាចខកខានមិនបានកត់ត្រាវត្តមានកូនផ្សោតផ្សេងទៀត។ ហេតុដូច្នេះ ក្រុមស្រាវជ្រាវអាចសន្និដ្ឋានបានថាចំនួនកូនផ្សោតកើតថ្មីអាចមានពី០៩ ទៅ១០ក្បាល៕
ប្រភព៖ ក្រសួងព័ត៌មាន