[វីដេអូ] Ep. 147 ប្រធានបទ៖ជំងឺរលាកថ្លើមប្រភេទB

ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺដែលបង្កឡើងដោយមេរោគប្រភេទ B ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈឈាម។

 
[វីដេអូ] Ep. 147 ប្រធានបទ៖ជំងឺរលាកថ្លើមប្រភេទB

រោគសញ្ញា

ទាក់ទងនឹងការឆ្លង នៅពេលដែលឆ្លងថ្មីៗកម្រស្តែងចេញនូវរោគសញ្ញាណាមួយអោយបានកត់សម្គាល់ណាស់ ក៏ប៉ុន្តែក៏អាចមានករណីមួយចំនួនតូចអាចស្តែងចេញជាអាការៈដូចជា ក្តៅខ្លួន អស់កម្លាំង មានការឈឺចាប់ក្នុងពោះ ឬក្អួត ហើយអ្នកខ្លះទៀតអាចចេញឡើងលឿងនៅលើស្បែក ឬភ្នែកផងដែរ។

រោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យរបស់អ្នកជំងឺរលាកថ្លើមប្រភេទ B គឺ៖

  • ត្រូវដឹងពីប្រវត្តិគ្រួសាររបស់អ្នកជំងឺជាមុនសិន
  • ការពិនិត្យជាក់ស្តែង​ដើម្បីស្វែងរករោគសញ្ញា
  • ការធ្វើតេស្តឈាម

ជំងឺរលាកថ្លើមប្រភេទ B ឆ្លងតាមរយៈ

  • ឈាម
  • ការរួមភេទដោយការប៉ះផ្ទាល់ជាមួយសារធាតុរាវមួយចំនួន
  • ការប្រើប្រាស់ឧបករណ៍មុតស្រួចមួយរួមគ្នាជាមួយអ្នកដែលមានផ្ទុកនៅមេរោគថ្លើមប្រភេទ B
  • ការចម្លងពីម្តាយទៅកូនទាំងពេល ពពោះ និងក្នុងកំឡុងពេលសម្រាល

វិធីសាស្ត្រការពារ

ការការពារដោយចាក់វ៉ាក់សាំងជួយបង្ការជំងឺរលាកថ្លើមប្រភេទ B បានដើម្បីបណ្តុះអង់ទីគ័រអាចទប់ស្កាត់នៅការចម្លងនៅមេរោគថ្លើមប្រភេទ B។ ម្យ៉ាងទៀតសម្រាប់ស្ត្រីមានផ្ទៃពោះប្រសិនបើក្នុងករណីមានទម្ងន់ហើយដឹងថាខ្លួនមានមេរោគថ្លើម B គឺត្រូវតែទៅជួបនិងតាមដានជាមួយគ្រួពេទ្យឯកទេសឬអាចសម្រាលនៅមន្ទីរពេទ្យដែលមានវ៉ាក់សាំងដើម្បីចាក់ជូនទារកទប់ស្កាត់ការចម្លងពីម្តាយទៅកូនបាន។

របបអាហារដែលគួរទទួលទានចំពោះអ្នកជំងឺរលាកថ្លើមប្រភេទ​ B គឺគួរតែព្យាយាមបរិភោគ បន្លែ ផ្លែឈើ ត្រី និងសាច់អោយបានច្រើន ។ អ្វីដែលគួរកាត់បន្ថយគឺប្រភេទអាហារដែលសំបូរខ្លាញ់ ជាពិសេសគឺស្រា ។

ចំពោះបងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារគួរតែចាក់វ៉ាក់សាំងបង្កាឬទប់ស្កាត់នៅការចម្លងនៅមេរោគថ្លើម B និងសម្រាប់អ្នកដែលមានផ្ទុកមេរោគថ្លើម B ហើយគួរតែកុំមានការលាក់បាំងឬខ្មាស់អៀន អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបានការព្យាបាលការតាមដានឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា ជំងឺថ្លើមប្រភេទ B មិនមែនជាជំងឺតំណពូជនោះទេ អ្នកដែលមានផ្ទុកជំងឺថ្លើមប្រភេទ B អាចរស់នៅជុំគ្នា ហូបចុកជាមួយគ្នា ការប្រើប្រាស់ស្លាបព្រាជាមួយគ្នាគឺមិនមានការឆ្លងនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖