ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ៣ (កំពត-វាលរេញ)
កាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ៣ កំពត-វាលរេញ ជាពិសេស ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រវែងប្រមាណជា ២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាត។

ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដែលខូចខាតខ្លាំងមួយកំណាត់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ពន្លឿននីតិវិធីក្នុងការចរចារ និងជជែកពិភាក្សាលម្អិតក្នុងទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ត្ថុ ហើយបន្តបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុនដាក់ជូនប្រមុខរាជរដ្ឋាភិបាល គោរពស្នើសុំសេចក្តីសម្រេច ដើម្បីអាចឈានដល់ការបើកការដ្ឋានស្ថាបនាឡើងវិញជាផ្លូវការ នាពេលអនាគត។
នៅចំពោះការខូចខាតនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់កំណាត់ផ្លូវនេះទាំងអស់ ចំពោះការបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរ និងយឺតយ៉ាវពេលវេលា។
គួររម្លឹកដែរថា៖ កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ដោយឡែក កំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ដល់វាលរេញ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ ការណ៍ដែលកំណាត់ផ្លូវនេះ ធ្វើហើយឆាប់ខូចទៅវិញ គឺដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ម៉ែត្រ (ដោយកន្លែង)។
ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។ ក្នុងកំណាត់៥ គ.ម ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ស.មលើវា ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕