សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំមុន កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ក្នុងពិភពលោក
ការប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេងនេះ គឺធ្វើឡើងក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំ ទូលាយ ព្រមទាំងបំផុសការយល់ដឹង លើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមជាតិទាំងមូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេងក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន” នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកម្ចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។
សម្តេចធិបតី បានបន្តថា លទ្ធផលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនកម្ពុជា ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្រ្តដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍នៅទូទាំងប្រទេសផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន