ក្រុមប្រទេស G7 ពិភាក្សាគ្នាបញ្ចេញប្រេងបម្រុងជាបន្ទាន់ ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃប្រេងពិភពលោក
ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងញាំញីទីផ្សារថាមពល ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ G7 កំពុងមានវិធានការណ៍ក្តៅដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចពិភពលោក។
នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ យោងតាមប្រភពពីរដ្ឋាភិបាលបារាំង បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានបើកកិច្ចប្រជុំបន្ទាន់មួយតាមរយៈវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃ ការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររួមគ្នា។ វិធានការនេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បន្ទាប់ពីតម្លៃប្រេងឆៅពិភពលោកបានហក់ឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល។
យោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក គម្រោងនេះអាចនឹងមានការបញ្ចេញប្រេងចន្លោះពី ៣០០ ទៅ ៤០០ លានបារ៉ែល ដែលស្មើនឹងប្រហែល ២៥% ទៅ ៣០% នៃចំនួនប្រេងបម្រុងសរុបរបស់សមាជិក IEA ទាំងអស់។
សូមជម្រាបថា ការសម្រេចចិត្តពិភាក្សាលើជម្រើសនេះ គឺដោយសារតែការបារម្ភពីការរំខានដល់ការផ្គត់ផ្គង់ប្រេងតាមរយៈច្រកសមុទ្រ Hormuz ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់។ បច្ចុប្បន្ន ប្រទេសផលិតប្រេងធំៗដូចជា អ៊ីរ៉ាក់ គុយវ៉ែត និងអារ៉ាប់រួម បានកាត់បន្ថយការផលិតដោយសារខ្វះទីតាំងស្តុកទុក ខណៈដែលច្រកសមុទ្រត្រូវបានបិទខ្ទប់ដោយសារសង្គ្រាម។
ភ្លាមៗបន្ទាប់ពីមានព័ត៌មានអំពីការពិភាក្សារបស់ G7 នេះ តម្លៃប្រេងឆៅបានចាប់ផ្តើមធ្លាក់ចុះមកវិញបន្តិច ដោយប្រេង Brent ធ្លាក់មកនៅត្រឹមប្រហែល ១០៧ ដុល្លារក្នុងមួយបារ៉ែល កាលពីព្រឹកមិញនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការឡើងថ្លៃប្រេងនេះគឺជារឿងបណ្តោះអាសន្ន និងជា "តម្លៃដ៏តូចតាច" បើធៀបនឹងការកម្ចាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕




ប្រភព៖ Reuters


















