កងទ័ពអាកាសអុីស្រាអែលវាយកម្ទេចស្ពានយុទ្ធសាស្ត្រនៅភាគខាងត្បូងលីបង់ ដើម្បីកាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់របស់ក្រុមហេសបូឡា
ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីកងទ័ពអាកាសអុីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសលីបង់។
វីដេអូដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពរបស់យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកកម្ទេច ស្ពាន Qasmiyeh (កាសមីយេ) ដែលជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់មួយឆ្លងកាត់ ទន្លេ Litani (លីតានី) ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារនេះបានបង្កឱ្យមានផ្សែងខ្មៅហុយទ្រលោមទៅលើមេឃ និងបានកាត់ផ្ដាច់ខ្សែចរន្តអគ្គិសនី រួមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហាងទំនិញ និងចម្ការដែលនៅក្បែរនោះ។
ការវាយប្រហារនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីរបស់អ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz (អ៊ីស្រាអែល កាត្ស) បានប្រកាសយ៉ាងច្បាស់ថា លោកបានបញ្ជាឱ្យកងទ័ព (IDF) បង្កើនការវាយប្រហារ និងកម្ទេចស្ពានទាំងអស់ដែលឆ្លងកាត់ទន្លេលីតានី។
លោក Israel Katz បានបញ្ជាក់ថា ការកម្ទេចស្ពានទាំងនេះ គឺដើម្បីកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនអាវុធ និងការចល័តទ័ពរបស់ក្រុម ហេសបូឡា (Hezbollah) ពីភាគខាងជើងចុះមកភាគខាងត្បូង។ លើសពីនេះ អ៊ីស្រាអែលក៏បានព្រមានដល់រដ្ឋាភិបាលលីបង់ផងដែរថា ខាតបង់ខ្ពស់ចំពោះការអនុញ្ញាតឱ្យក្រុមហេសបូឡាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជាតិសម្រាប់សកម្មភាពយោធា។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគមើលឃើញថា ការវាយប្រហារលើស្ពាន និងការបង្កើនការវាយកម្ទេចផ្ទះសម្បែងនៅតាមបណ្តោយព្រំដែន គឺជាសញ្ញាបង្ហាញថា អ៊ីស្រាអែលអាចនឹងពង្រីកប្រតិបត្តិការយោធាជើងគោកឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតចូលទៅក្នុងទឹកដីលីបង់៕



ប្រភព៖ Aljazeera


















