អុីរ៉ង់ប្រកាសថា ត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបកទៅ សហរដ្ឋអាមេរិក និងអុីស្រាអែលវិញ
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានប្រកាសយ៉ាងច្បាស់ៗថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានត្រៀមលក្ខណៈរួចរាល់ក្នុងកម្រិតខ្ពស់បំផុត ដើម្បីទប់ទល់ និងវាយបកទៅលើរាល់ការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាមេរិក និងអុីស្រាអែល ខណៈដែលភាពតានតឹងក្នុងតំបន់កំពុងបន្តកើនឡើងខ្លាំង។
យោងតាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា សមត្ថភាពយោធារបស់ខ្លួននៅតែរឹងមាំ និងមិនមានការថមថយឡើយ ទោះបីជាមានការគំរាមកំហែងកាន់តែខ្លាំងពីខាងក្រៅក៏ដោយ។ ការប្រកាសនេះកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការយោធាទាំងតាមផ្លូវអាកាស និងផ្លូវទឹក (Operation Epic Fury) សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កងទ័ពអ៊ីរ៉ង់បានអះអាងថា ខ្លួនមានសមត្ថភាពការពារទឹកដី និងវាយបកភ្លាមៗ ប្រសិនបើមានការឈ្លានពានតាមផ្លូវគោក ឬការវាយប្រហារបន្ថែមទៀត។
រហូតមកដល់ពេលនេះ យុទ្ធនាការយោធាបានបង្កឱ្យមានការខូចខាតដល់មូលដ្ឋានមីស៊ីល ដ្រូន និងនាវាចម្បាំងមួយចំនួនរបស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់នៅតែបន្តបង្ហាញជំហរមិនចុះចាញ់។
សូមជម្រាបថា ជម្លោះនេះបានបណ្តាលឱ្យមានការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz និងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់៕


ប្រភព៖Al Jazeera English


















