អ្នកជំនាញកីឡា លើកឡើងពីផែនការយុទ្ធសាស្ត្រ នៃការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣

រយៈពេលនៅសល់៨ខែមុនស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជានេះ មិនយឺតទេ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ដោយសហព័ន្ធខ្លះធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិនានា នាពេលកន្លងមក ហើយបញ្ហាប្រឈមខ្ពស់តែទៅលើសហព័ន្ធកីឡាជាតិមួយចំនួន ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះសោះ ក្នុងការរៀបចំការប្រកួតអន្តរជាតិ។

 
អ្នកជំនាញកីឡា លើកឡើងពីផែនការយុទ្ធសាស្ត្រ នៃការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ ក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេស ជាមួយសហព័ន្ធកីឡាជាតិ កាលពីល្ងាចថ្ងៃ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ថា រយៈពេលនៅសល់៨ខែ មុនការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មិនយឺតពេលទេ សម្រាប់ការរៀបចំ ហើយជាពេលវេលាមួយសមរម្យ។

ប្រតិបត្តិករកីឡារូបនេះអះអាងថា ជាបញ្ហា គឺសហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតអន្តរជាតិក្នុងកីឡាជំនាញរបស់ខ្លួនទាល់តែសោះ ដែលទាំងនេះគឺជាក្តីបារម្ភ។ ទាក់ទងនឹងដំណោះស្រាយ គឺក្រុមការងារបានផ្តល់ឱ្យសហព័ន្ធមិនធ្លាប់រៀបចំសោះ ត្រូវរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតតេស្តកម្រិតអន្តរជាតិ ហើយចាំបាច់បំផុត គឺត្រូវធ្វើការងារឱ្យបានជិតស្និទ្ធ ឱ្យបានលឿន ជាមួយប្រធានបច្ចេកទេសកីឡារៀងៗខ្លួន ដើម្បីឱ្យមានភាពកក់ក្តៅក្នុងការរៀបចំបច្ចេ កទេស។

ឯកឧត្តមអគ្គលេខាធិការ បានជំរុញឱ្យសហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះសោះ ត្រូវរៀបចំការប្រកួតត្រៀម ឬប្រកួតមិត្តភាព ដើម្បីឱ្យដឹងច្បាស់ពីរបៀបរបប ទីលានប្រកួត សម្ភារបច្ចេកទេសនៃការរៀបចំ ដើម្បីឱ្យដឹងថា ខ្លួនឯងខ្វះខាតចំណុចណាខ្លះ ហើយត្រៀមខ្លួនរៀបចំការប្រកួតផ្លូវការ នៃស៊ីហ្គេម ២០២៣ បានដែរ ឬទេ?។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកបង្ហាញគន្លឹះសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈមលើការរៀបចំនេះ ដោយផែនការយុទ្ធសាស្ត្ររបស់ CAMSOC មានផែនការ A និងផែនការ B។ ផែនការ A គឺពឹងផ្អែកទៅលើកម្លាំងពិត ធនធានពិតរបស់សហព័ន្ធកីឡាជាតិ ខណៈផែនការ B គឺបើមិនមានធនធានក្នុងស្រុកគ្រប់គ្រាន់ទេ គឺអញ្ជើញអ្នកជំនាញបច្ចេកទេសមកពីអន្តរជាតិ មកជួយដល់ការរៀបចំ។ «ចំពោះពេលវេលាដែលនៅសល់ ប្រមាណ ៨ខែ មុនពេលស៊ីហ្គេម ២០២៣ ចូលមកដល់ គឺមិនយឺតទេ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ពោលគឺ៨ខែនេះ ជារយៈពេលនៅសមរម្យនៅឡើយ។ ៨ខែនេះ គឺយឺតពេលតែទៅលើការអភិវឌ្ឍ គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងការប្រកួតប្រជែងមេដាយប៉ុណ្ណោះ ប៉ុន្តែរយៈពេលនេះនៃការរៀបចំមិនយឺតទេ»។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអង្គប្រជុំក៏បានលើកបង្ហាញពីភាពខុសៗគ្នា នៃឧត្តមភាព ទាំងការគ្រប់គ្រង និងការដឹកនាំ។ ក្នុងនោះមានសហព័ន្ធមួយចំនួនធ្លាប់បានធ្វើម្ចាស់ផ្ទះខ្នាតអន្តរជាតិរួចហើយ ដោយសហព័ន្ធទាំងនោះ មានភាពរឹងរាំក្នុងការរៀបចំការងារបច្ចេកទេសអស់ហើយដែរ។ សហព័ន្ធកីឡាជាតិទាំងនោះ មានដូចជា ការ៉ាតេ, វ៉ូវីណាម, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, បាល់ទាត់, និងប៉េតង់ ធ្លាប់ធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកជាដើម នោះមិនសូវមានបញ្ហាប្រឈមនោះទេ ដោយសារសហព័ន្ធជំនាញទាំងនោះ ធ្លាប់មានបទពិសោធន៍រៀបចំ ការប្រកួតកម្រិតអន្តរជាតិ។

គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំស្តីពីការត្រួតពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាជាតិទាំង៣៩សហព័ន្ធ ហើយបានឯកភាពគ្នាផ្ទៃក្នុង ផ្នែកលើយុទ្ធសាស្ត្របច្ចេក ទេស នៃការរៀបចំរបស់ប្រភេទកីឡាជំនាញនីមួយៗ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាទទួលបានការណែនាំពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC៕

ប្រភព៖ ក្រសួងព័ត៌មាន