ចរាចរណ៍ផ្លូវអាកាសអាចនឺងពន្យាដល់ឆ្នាំ២០២៤ ទើបល្អប្រសើរឡើងវិញ
សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ ហៅកាត់ថា (IATA) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ចរាចរណ៍ផ្លូវអាកាសសកលមិនទាន់អាចវិលត្រឡប់ទៅរកកម្រិតធម្មតាវិញបានទេ យ៉ាងហោចណាស់ត្រូវចាំរហូតដល់ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
លោក Brian Pearce ប្រធានផ្នែកសេដ្ឋកិច្ចរបស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) បានប្រាប់សន្និសិទសារព័ត៌មានថា កត្តាចម្បងដែលធ្វើឲ្យមានការពន្យាពេលវែងអន្លាយ គឺដោយសារគេ មិនដឹងនៅឡើយពីពេលវេលាដែលច្រកព្រំដែននានានឹងបើកឡើងវិញ។ ទាំងនេះ គឺអាស្រ័យលើរបៀបដែលប្រទេសនានាគ្រប់គ្រងស្ថានការណ៍របស់ពួកគេក្នុងអំឡុងវិបត្តិកូវីដ១៩។ លោកបានបន្តទៀតថា ដោយសារតែរលកទី២នៃវីរុសកូវីដ១៩ កំពុងកើនឡើងក្នុងប្រទេសមួយចំនួន ទើបការបើកព្រំដែនអន្តរជាតិឡើងវិញនឹងចំណាយពេលយូរជាងការរំពឹងទុក។ សម្រាប់ឆ្នាំ២០២០ ដំបូងឡើយ IATA រំពឹងថាការធ្លាក់ចុះចរាចរណ៍ផ្លូវអាកាសត្រឹមតែ ៥៥% ប៉ុណ្ណោះ ប៉ុន្តែឥឡូវកើនដល់ ៦៣% ហើយ៕
សូមបញ្ជាក់ផងដែរថា សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៩០ រំពឹងថា ប្រាក់ចំណូលពួកគេនឹងត្រូវខាតបង់ពាក់កណ្តាលនៅឆ្នាំនេះ ធៀបទៅនឹងឆ្នាំ២០១៩៕
ប្រភព៖ CGTN ប្រែសម្រួល៖ កង ស្រីលីន