អ្នកស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌាកើនដល់ជាង៤ម៉ឺននាក់ ខណៈអ្នកឆ្លងជិត២លាននាក់ហើយ
ញូដេលី៖ យោងតាមទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាដោយសារតែកូវីដ១៩ បានកើនឡើងលើស ៤០,៦៩៩នាក់ នៅថ្ងៃព្រហស្បតិ៍ ខណៈចំនួនអ្នកឆ្លងសរុបកើនឡើងដល់ជិត២លាននាក់ហើយ។
ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មីដល់ទៅ ៥៦,២៨២ ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៤ នាក់ បន្ថែមទៀតដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ រីឯមនុស្សចំនួន១,៣២៨,៣៣៦នាក់ ត្រូវបានព្យាបាល និងចេញពីមន្ទីរពេទ្យដោយជោគជ័យ។
សូមជម្រាបថា បច្ចុប្បន្នឥណ្ឌានៅតែជាប្រទេសទី៣ លើពិភពលោក ដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីអាមេរិក និងប្រេស៊ីល។
ប្រភព៖ Xinhua ប្រែសម្រួល៖ កង ស្រីលីន