កសិករខេត្តកំពង់ធំប្រើប្រាស់ដ្រូន (drone)ធ្វើកសិកម្មលើដំណាំស្រូវ

កសិករខេត្តកំពង់ធំប្រើប្រាស់ដ្រូន (drone)ធ្វើកសិកម្មសម្រាប់ដំណាំស្រូវរបស់ខ្លួន ដោយចំណាយដើមទុនតិច ចំណេញពេលវេលា និងជួយឱ្យការដាំដុះមានប្រសិទ្ធភាពខ្ពស់ជាងមុន។

 
កសិករខេត្តកំពង់ធំប្រើប្រាស់ដ្រូន (drone)ធ្វើកសិកម្មលើដំណាំស្រូវ
កសិករខេត្តកំពង់ធំប្រើប្រាស់ដ្រូន (drone)ធ្វើកសិកម្មលើដំណាំស្រូវ

លោក ខឿន ខួច កសិករខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោយពីមានការណែនាំពីមន្ទីរកសិកម្ម ពីភាពចំណេញនៃការប្រើប្រាស់ដ្រូនលើដំណាំស្រូវ លោកបានចាប់ផ្តើមជួលដ្រូននេះពីមន្ត្រីជំនាញរបស់មន្ទីរ ដើម្បីយកមកប្រើប្រាស់ លើផ្ទៃដីជាង៥០ហិកតា។ លោកបន្តថា ការប្រើប្រាស់ដ្រូនកសិកម្មនេះ បានសម្រាលការនឿយហត់បានច្រើន ជាពិសេសបានកាត់បន្ថយថវិកា ចំណេញពេលវេលា ចំណេញជីនិងថ្នាំ ព្រមទាំងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។

លោកបញ្ជាក់ថា សម្រាប់ការបាញ់ថ្នាំលើដំណាំស្រូវ ១០ហិកតា ដោយការបង្ហោះដ្រូនចំណាយពេលតែ៣ម៉ោងប៉ុណ្ណោះ ខណៈដែលក្នុងរយៈពេលដូចគ្នា ការប្រើដោយកម្លាំងមនុស្ស គឺអាចបាញ់ថ្នាំបានតែពី ៣ទៅ៤ហិកតា។ សម្រាប់ការព្រោះគ្រាប់ស្រូវតាមរយៈដ្រូន ក៏បានចំណេញច្រើនដូចគ្នា ។

សំឡេង៖ខ្ញុំប្រើដ្រូននេះជាង១ឆ្នាំហើយ ដោយកាលពីមុខក្នុងមួយថ្ងៃខ្ញុំជួលបុគ្គលិកម្នាក់ត្រូវចំណាយពី៥ម៉ឺនទៅ៦ម៉ឺនរៀលតាមជិតតាមឆ្ងាយ ហើយបើយើងប្រើដ្រូនដឹងថាអស់៤ម៉ឺនរៀនប្រាកដជាធ្វើបានសម្រេចតែម្ដងតាមអ្វីដែលយើងចង់បាន។ ទោះបីតែយើងជួបបញ្ហាអីក៏យើងអត់ភ័យបារម្ភឡើយ ព្រោះដ្រូននេះបម្រើការងារយើងបានទាន់ពេលវេលា។ ហើយខ្ញុំចាប់ផ្តើមប្រើប្រាស់ដ្រូននេះដោយទី១ខ្ញុំចំណេញពេលវេលា ទី២ចំណេញថវិកាដោយអត់ប្រើប្រាស់ទៅលើកម្មករដែលចំណាយខ្ជះខ្ជាយ ទី៣ យើងចំណេញថ្នាំ ទី៤ចំណេញទឹក ដោយយើងមិនសូវហត់នឿយលើកម្មករច្រើន ទី៥មិនប៉ះពាល់ដល់សុខភាពរបស់យើង ហើយស្រូវរបស់យើងពេលប្រើទៅគឺវាខុសពីការបាញ់ដោយមនុស្ស ដោយសារតែការប្រើមនុស្សពេលខ្លះមានឆកល្វែង ប៉ុន្តែបើយើងប្រើលើដ្រូននេះ គឺវាសព្វល្អ ហើយវាមានតម្លៃសមរម្យជាងយើងប្រើកម្លាំងមនុស្ស។

សូមបញ្ជាក់ថា ដ្រូនមិនត្រឹមតែជាឧបករណ៍ពេញនិយមសម្រាប់ការបង្ហោះថតវីដេអូប៉ុណ្ណោះទេ ប៉ុន្តែដ្រូនក៏ត្រូវបានគេយកទៅប្រើប្រាស់ នៅក្នុងវិស័យកសិកម្មផងដែរ ។ ដូចជា ប្រើលើដំណាំស្រូវ ឪឡឹក ម្រេច ពោត និងដំណាំជាច្រើនទៀត ដែលជួយឱ្យកសិករចំណាយតិច ចំណេញច្រើន ៕

 

 

 

ប្រភព: ក្រសួងព័ត៌មាន