ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកើនឡើងដល់១.៦លានហិកតាហើយនៅឆ្នាំនេះ

កាលីហ្វ័រញ៉ា៖ ទីភ្នាក់ងារអគ្គីភ័យប្រចាំរដ្ឋបានរាយការណ៍ថា ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកំពុងដុតបំផ្លាញដីទំហំសរុបជាង១.៦លានហិកតាហើយ ដែលធំជាង២ដងបើប្រៀបធៀបទៅនឹងរាល់ឆ្នាំ ថែមទាំងមានទំហំធំជាងរដ្ឋផ្សេងទៀតនៅសហរដ្ឋអាមេរិក។

 
ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកើនឡើងដល់១.៦លានហិកតាហើយនៅឆ្នាំនេះ

កាលីហ្វ័រញ៉ាជារដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិកទទួលការរងគ្រោះ នៅឆ្នាំនេះដោយភ្លើងឆេះព្រៃដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកស្រាវជ្រាវកំពុងចាត់ទុកថា ការកើនឡើងកម្តៅផែនដី ដែលបង្កឲ្យអាកាសធាតុក្តៅហួតហែងជាកត្តាចម្បងបំផុត ដែលបាន បង្កឲ្យមានគ្រោះធម្មជាតិដ៏ធំៗទាំងនេះកើតឡើង។

អាជ្ញាធរបានឲ្យដឹងទៀតថា យ៉ាងហោចណាស់មនុស្សចំនួន៣១នាក់បានស្លាប់ ហើយផ្ទះសម្បែងជាង ៨,៤៥៤ខ្នង និងគ្រឿងហេដ្ឋារចនាសម្ព័ន្ធច្រើនទៀតត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ានេះផងដែរ។

គួររម្លឹកថា កាលពីឆ្នាំ២០១៨ អគ្គីភ័យនេះមានទំហំមិនដល់១លានហិកតាឡើយ ប៉ុន្តែវាបានសម្លាប់ មនុស្សរហូតដល់៨៥នាក់ឯណោះ និងបានបំផ្លាញសំណង់ជិត២ម៉ឺនកន្លែងទៀតផង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ