ក្រុមហ៊ុន Sharp នឹងយករោងចក្រផលិតទូរទស្សន៍របស់ខ្លួនមកផលិតម៉ាស់វិញ
ក្រុមហ៊ុន Sharp គ្រោងនឹងចាប់ផ្ដើមផលិតម៉ាស់នៅរោងចក្រមួយរបស់ខ្លួន ដែលមានទីតាំងនៅក្នុងប្រទេសជប៉ុនជាការឆ្លើយតបនឹងតម្រូវការម៉ាស់កើនឡើងខ្លាំងដោយសារការផ្ទុះវីរុសកូរ៉ូណា។ នេះបើតាមការចុះផ្សាយរបស់ Associated Press។
រោងចក្រដែល Sharp យកមកផលិតម៉ាស់គឺស្ថិតនៅទីក្រុង Kameyama ដែលជាធម្មតាគឺប្រើសម្រាប់ផលិតផ្ទាំងអេក្រង់ LCD ធំៗទ្រង់ទ្រាយធំ និងជារោងចក្រដំឡើងទូរទស្សន៍។ ក្រុមហ៊ុន Sharp នឹងប្រើរោងចក្រនេះផលិតម៉ាស់មុខ ១៥ ម៉ឺនម៉ាស់ក្នុងមួយថ្ងៃគិតត្រឹមដំណាច់ខែមីនានេះ ហើយនឹងបន្តពង្រីកដល់ ៥០ ម៉ឺនក្នុងមួយថ្ងៃទៀតផង។
ក្រុមហ៊ុន Sharp មិនបានប្រាប់អំពីតម្លៃលក់ និងផែនការចែកចាយម៉ាស់មុខនេះនៅឡើយទេ។ ប៉ុន្តែរោងចក្រខាងលើនេះគឺសក្ដិសមបំផុតសម្រាប់សង្វាក់ផលិតកម្មផលិតម៉ាស់ ដោយសារតែមានគុណភាពខ្ពស់ខាងផ្នែកអនាម័យ៕