កម្ពុជារកឃើញករណីទី៣នៃការឆ្លងវីរុសកូវីដ-១៩ លើស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃនេះស្តីពី “ករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម”
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃនេះស្តីពី “ករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម” ដោយបានឲ្យដឹងថា នៅរសៀលម៉ោង៤:៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ យោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស័រកម្ពុជា ស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។
ស្ត្រីមានវីរុសកូវីដ-១៩ ខាងលើបានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេសមកដល់ទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ ដោយក្នុងនោះជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់។ បន្ទាប់មកពួកគាត់បានបន្តដំណើរចាកចេញតាមនាវាខាលើ ពីទីក្រុងហូជីមិញសំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ និងបានដល់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
នៅថ្ងៃដដែលមុននឹងមកដល់រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវអ្នកទេសចរនៃនាវានេះ បានទទួលដំណឹងថា យន្តហោះដែលស្ត្រីជនជាតិអង់គ្លេសបានជិះ នៅថ្ងៃទី០២ មីនា ឆ្នាំ២០២០នោះ មានជនជាតិវៀតណាមម្នាក់ ដែលអង្គុយជិតស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំខាងលើនេះ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅទីក្រុងហាណូយ។
ពេលមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ជនជាតិអង់គ្លេសទាំង៥រូប ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហើយបានយកសំណាកវត្ថុវិភាគចំនួន៣នាក់ (ដោយ២នាក់ ប្រកែកមិនព្រមឲ្យយកជាដាច់ខាត ដោយគាត់សំអាងថា មិនមានបញ្ហាសុខភាព ឬរោគសញ្ញាអ្វីទាំងអស់»។ ជាលទ្ធផលអ្នកទាំង៣នាក់នេះ មានអវិជ្ជមានវីរុស Covid-19។ បន្ទាប់មកនាវាបានបន្តដំណើរទៅកាន់ខេត្តកំពង់ចាម។ ដើម្បីឲ្យមានភាពច្បាស់លាស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់ព័ត៌មាន ទៅកាន់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីឲ្យរង់ចាំយកវត្ថុសំណាកទាំង២នាក់ ដែលមិនទាន់ធ្វើតេស្តនោះ ដោយមានការសម្របសម្រួលពីអ្នកគ្រប់គ្រងនាវា នៅពេលចូលចតនៅចំណតនៃខេត្តកំពង់ចាម ហើយត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងបញ្ជូនសំណាកវត្ថុវិភាគមក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤៖៣០នាទីរសៀលនេះ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងចាត់ចែងឲ្យយកស្រ្តីជនជាតិអង់គ្លេសរូបនេះមកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។ ទន្ទឹមនឹងនេះ មានស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀតដែលជិតដិតជាមួយស្រ្តីជនជាតិអង់គ្លេសមានវីរុសកូវីដ-១៩រូបនេះមានលទ្ធផលតេស្តអវិជ្ជមាន ដែលបុគ្គលរូបនេះត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា ហើយអ្នកដំណើរផ្សេងទៀតសរុបចំនួន៣០នាក់ និងបុគ្គលិកបម្រើការនាវាសរុបចំនួន ៣៤នាក់ (សរុបទាំងអស់ ៦៤នាក់) ត្រូវឲ្យនៅលើនាវាទាំងអស់ មិនឲ្យចុះចេញមកលើគោក ដោយរង់ចាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាលយកសំណាកវត្ថុវិភាគមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសកម្ពុជាយើងបានរកឃើញករណីវីរុសកូវីដ-១៩ សរុបចំនួន៣ករណី៖ ទី១ គឺជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញហើយ ទី២ គឺបុរសជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយបច្ចុប្បន្នគាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមានកូវីដ-១៩ ទី៣ គឺស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម៕