ក្រុមអ្នកជំនាញរបស់អាស៊ាន និងសហភាពអឺរ៉ុប ពិភាក្សាគ្នាអំពីការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព
AKP ភ្នំពេញថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ — ក្រុមអ្នកជំនាញមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នាកាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅដើម្បីផ្លាស់ប្តូរការអនុវត្តល្អៗស្តីពីគោលនយោបាយ និងកំណត់ឱកាសបន្ថែមទៀតសម្រាប់កិច្ចសហការទៅលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបានឱ្យដឹងថា សហភាពអ៊ឺរ៉ុបបានកត់សម្គាល់ថា ក្នុងនាមជាអង្គការក្នុងតំបន់ឈានមុខគេចំនួន ២ គឺអាស៊ាន និងសហភាពអ៊ឺរ៉ុប មានចំណាប់អារម្មណ៍រួមគ្នាក្នុងការស្វែងរកវិធីសាស្រ្តពហុភាគីដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងសមធម៌។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន – សហភាពអឺរ៉ុបលើកទី ២៣ កាលពីថ្ងៃទី ១ ខែធ្នូ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តនេះ និងបានប្តេជ្ញាបន្តគាំទ្រដល់វ៉ាក់សាំងពហុភាគីនិយម និងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងនាមជាទំនិញសាធារណៈសកល។
ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងចំពោះចាក់វ៉ាក់សាំងពហុភាគីនិយម សហភាពអឺរ៉ុបបានផ្តល់ជំនួយឥតសំណងចំនួន ៥០០លានអឺរ៉ូ (ជាង ៦០៥លានដុល្លារអាម៉េរិក) និងធានានូវប្រាក់កម្ចីដើម្បីគាំទ្រដល់គម្រោងមូលនិធិ COVAX។
គម្រោងមូលនិធិ COVAX មានគោលបំណងពន្លឿនការអភិវឌ្ឍ និងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងធានានូវការទទួលបានដោយយុត្តិធម៌ និងសមធម៌សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក។
គិតត្រឹមថ្ងៃនេះ មានប្រទេសសេដ្ឋកិច្ចចំនួន ១៨៩ គឺជាផ្នែកមួយនៃគម្រោងមូលនិធិ COVAX។
កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងបង្កើតបានជាជំនួយយ៉ាងទូលំទូលាយដល់តំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់ដោយសហភាពអឺរ៉ុប ជាពិសេសកញ្ចប់ «ក្រុមអឺរ៉ុប» ដែលមានទឹកប្រាក់ចំនួន ៨០០លានអឺរ៉ូ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន។ កាលពីសប្តាហ៍មុន សហភាពអ៊ឺរ៉ុបបានប្រកាសអំពីកម្មវិធីគាំទ្រថ្មីដែលមានទឹកប្រាក់ចំនួន ២០លានអឺរ៉ូ ស្តីពី «ការឆ្លើយតប និងការត្រៀមបង្ការការរាតត្បាតផ្នែកសុខភាពនៅអាស៊ីអាគ្នេយ៍»។
កិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញដែលបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែធ្នូ បានផ្តល់ជាវេទិកាមួយសម្រាប់អ្នកអនុវត្តគោលនយោបាយឈានមុខគេរបស់សហភាពអឺរ៉ុប និងអាស៊ាន ព្រមទាំងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តសម្រាប់ការជជែកវែកញែកអំពីយុទ្ធសាស្ត្រ និងទិដ្ឋភាពជាក់ស្តែងនៃការអនុញ្ញាត ផលិតកម្ម និងការចែកចាយវ៉ាក់សាំងនៅក្នុងក្រុមពីរដាច់ដោយឡែកពីគ្នា៕
ប្រភព: ក្រសួងព័ត៌មាន