សម្ដេចតេជោហ៊ុនសែន«ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចនឹងទទួលចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី៤ មីនា »
ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០% នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។
កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។
សម្តេចមានប្រសាសន៍បន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕
ប្រភព: ផេក Facebook សម្តេច ហ៊ុន សែន