ប្រសិនបើចំនួនអ្នកឆ្លងមានការកើនឡើងច្រើនទៅៗ សម្ដេចតេជោគ្រោងនឹងដាក់ឲ្យមានការព្យាបាលកូវីដ-១៩ នៅតាមផ្ទះ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានស្នើឲ្យគណ:កម្មការអន្តរក្រសួងប្រឆាំងកូវីដ-១៩ ត្រៀមរៀបចំក្រុមប្រតិបត្តិ សម្រាប់ឈានទៅព្យាបាលកូវីដ-១៩ នៅតាមផ្ទះ ដូចបណ្ដាប្រទេសធំៗមួយចំនួន ដែលមានអ្នកឆ្លងកូវីដកើនឡើងច្រើនហួស ពីចំនួនគ្រូពេទ្យដែលអាចទទួលព្យាបាលបាន ដោយទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំពោះតែអ្នកជំងឺធ្ងន់ប៉ុណ្ណោះ។

 
ប្រសិនបើចំនួនអ្នកឆ្លងមានការកើនឡើងច្រើនទៅៗ សម្ដេចតេជោគ្រោងនឹងដាក់ឲ្យមានការព្យាបាលកូវីដ-១៩ នៅតាមផ្ទះ

តាមរយៈ​សារ​បន្ទាន់​ថ្មី​នេះ សម្ដេច​តេជោនាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា ការ​ត្រៀម​បែបនេះ​ក្នុង​ករណី​មាន​អ្នកជា​តិច តែ​អ្នក​ឆ្លង​ច្រើន ដូច្នេះ​វិធី​ដោះស្រាយ​មានតែ​ទុក​អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ ​ប៉ុន្តែ​ស្រាល​ទុក​ព្យាបាល​នៅ​តាម​ផ្ទះ​ទៅវិញ ប៉ុន្តែ​ត្រូវ​តែ​មាន​ការវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់ ដែល​ការវិនិច្ឆ័យ​នោះ​ បើ​តាម​យោបល់​សម្ដេច​ស្ថិត​នៅ​លើ​ចំណុច​២ នោះ​អ្នក​ដែល​ត្រូវ​ទុក​នៅ​តាម​ផ្ទះ​ត្រូវ​តែ​មាន​ជំងឺ​ស្រាល ​និង​មាន​ផ្ទះ​សមរម្យ​ដែល​អាច​ព្យាបាល​បាន​។ ​រីឯ​អ្នក​ជំងឺ​ធ្ងន់​ត្រូវតែ​នាំ​យក​មកកាន់​មន្ទីរពេទ្យ​។ ​មួយវិញទៀត​អ្នក​ជំងឺ​ស្រាល ប៉ុន្តែ​ផ្ទះ​របស់​គាត់​មាន​ទំហំ​តូច​ ដែល​អាច​ឆ្លង​រាលដាល​ដល់​ទៅកាន់​គ្រួសារ ​ក៏​ត្រូវ​តែ​នាំ​គាត់​មកកាន់​មន្ទីរពេទ្យ​ដែរ​។

 

​សម្ដេចតេជោ បានបន្ថែមថា ​យ៉ាងហោចណាស់​យើង​ក៏​មាន​ ៥០%​ នៃ​អ្នក​ជំងឺ​ដែលមានលទ្ធភាព ​និង​ចង់​ព្យាបាល​នៅ​តាម​ផ្ទះ​ផង​ដែរ ដោយ​យើង​គ្រាន់តែ​រៀបចំ​នូវ​ក្រុម​ប្រតិបត្តិ​ដើម្បី​តម្រូវ​ថា ​តើ​អ្នក​ជំងឺ​ត្រូវ​ធ្វើ​ដូចម្ដេច សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ជួយ​មើល​ថែ​ទាំ​គាត់​របៀប​ម៉េច ដើម្បី​កុំ​ឲ្យគាត់​ចេញ​ក្រៅ​ផ្ទះ​។​ ក្រុម​គ្រូពេទ្យ​ត្រូវ​ទៅ​ព្យាបាល​គាត់​ត្រូវ​ធ្វើ​របៀប​ម៉េច ​រួម​នឹង​ការងារ​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​។​

សម្ដេច​តេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែ​ថា ​យើង​នឹង​អាច​ឈាន​ទៅដល់​ដំណាក់​​កាលនោះ ក្នុង​ករណី​ដែល​ព្រឹត្តិការណ៍​ ២០​កុម្ភៈ មិន​មាន​ការ​ថមថយ​ដូច​ក្នុង​ពេលនេះ​ ជាពិសេស​ក្នុង​ពេលដែល​វា​បាន​នឹង​កំពុង​កើត​នៅ​ភ្នំពេញ​នេះ​។​

ដោយឡែកចំពោះ​អ្នក ​ដែល​នឹង​ត្រូវ​ព្យាបាល​តាម​ផ្ទះ សម្តេចតេជោ បានណែនាំដល់អាជ្ញាធរឲ្យ​សម្រួល​រៀបចំ​ជូនពួកគាត់ ដើម្បី​ពួកគាត់​រស់នៅ​បាន​ស្រួល​ ក្រៅពី​ការ​ព្យាបាល​អាច​ជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់ តាមរបៀប​ដូចធ្វើ​ចត្តាឡីស័ក​ដោយ​ក្នុង ​១​ថ្ងៃ​ជូន​ ២​ម៉ឺន​រៀល​សម្រាប់​ហូបចុក​នានា​ ដើម្បី​ឲ្យ​អ្នកផ្ទះ​គាត់​ជួយ​រៀបចំ​ម្ហូបអាហារ​ជូន​ពួកគាត់ ​ដើម្បី​បំប៉ន​សម្រាប់​ការ​ព្យាបាល​៕

 

ប្រភព: ក្រសួងព័ត៌មាន