អាជ្ញាធរភ្នំពេញ ប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់ទាំងយប់តាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹង ភូមិដ្ឋានដែលបានបិទខ្ទប់

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានប្រជុំជាបន្ទាន់មួយ តាមរយៈប្រព័ន្ធវីដេអូ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានី ភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបងប្អូនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តឱ្យបិទខ្ទប់ ភូមិដ្ឋានក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

 
អាជ្ញាធរភ្នំពេញ ប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់ទាំងយប់តាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹង ភូមិដ្ឋានដែលបានបិទខ្ទប់

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅតំបន់រាំងខ្ទប់ទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការ ចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់ឱ្យច្បាស់ ដោយការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។ 

ឯកឧត្តម ឃួង ស្រេង បន្តថា កម្លាំងដែលអនុវត្តន៍រាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ គឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តឱ្យបានល្អប្រសើរ ។ នេះជារឿងសំខាន់ដែលត្រូវធ្វើឱ្យខាងតែបាន។ 

គួរបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា៖ ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២ ។ ចំណែកនៅខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនិងខណ្ឌសែនសុខ មានភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ដែលជាភូមិនិងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ភូមិដ្ឋានដែលបិទខ្ទប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់ អំណោយជូនពួកគាត់៕

 

ប្រភព: ក្រសួងព័ត៌មាន