កម្ពុជាចូលរួមសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចំនួន៥០រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment - Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)។
កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីថ្នាក់ដឹកនាំដែលជាតំណាងនៃប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់។ កិច្ចប្រជុំនេះរៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយនឹងលេខាធិការដ្ឋាន UN-CBD ក្នុងគោលបំណងធានាបាននូវការគាំទ្រសម្រាប់កម្រិតនយោបាយពីបណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក លើដំណើរការរៀបចំក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) រួមទាំងការពិនិត្យ និងសម្រេចលើសេចក្តីថ្លែងការរួមទីក្រុងគួនមីង (Kunming Declaration)។
ជាកិច្ចចាប់ផ្តើមសម្រាប់កិច្ចប្រជុំនេះ បណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក បានធ្វើសេចក្តីថ្លែងការណ៍ដើម្បីបង្ហាញពីឆន្ទៈ និងជំហររួមក្នុងការគាំទ្រដល់ការរៀបចំ និងជម្រុញលើការអនុម័តក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ នេះ រួមទាំងមធ្យោបាយធនធានដើម្បីគាំទ្រ និងធានាបាននូវប្រសិទ្ធភាពក្នុងពេលអនុវត្ត សំដៅឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវវិស័យឆ្នាំ២០៥០ ស្តីពីការរស់នៅដោយភាពសុខដុមរមនាជាមួយធម្មជាតិ។
ជាលទ្ធផល កិច្ចប្រជុំបានផ្តោតសំខាន់លើការលើកកំពស់ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី) និងបានពិនិត្យ និងពិភាក្សាលើសកម្មភាពការងារ រួមមាន៖ ១/ការលើកកំពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាមធ្យោបាយដល់ការធានាបាននូវអាហារ សុខភាព ការងារ ពាណិជ្ជកម្ម និងការអប់រំ។
២/ការផ្សាភ្ជាប់រវាងថវិកា និងការកសាងសមត្ថភាពដើម្បីកំពស់ប្រព័ន្ធអេកូឡូស៊ី។
៣/ការលើកកំពស់សកម្មភាព និងគំនិតផ្តួចផ្តើមក្នុងការអនុវត្តរួមគ្នារវាងជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងដី/សមុទ្រ។ ទន្ទឹមនឹងនេះ និងតាមរយៈកិច្ចប្រជុំតុមូល បណ្តាថ្នាក់ដឹកនាំក៏បានបន្តកិច្ចពិភាក្សាលើប្រធានបទចំនួន៤ ជាបន្តទៀត រួមមាន៖ ១/ការយកចិត្តទុកដាក់ស្តារធនធានជីវៈចម្រុះឡើងវិញ; ២/ការលុបបំបាត់បញ្ហា និងកង្វះខាតហិរញ្ញប្បទានជីវៈចម្រុះ និងការធានានូវមធ្យោបាយសម្រាប់ការអនុវត្ត; ៣/ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព; និង ៤/ចំណេះដឹង អវានុវត្ត និងការបែងចែកផលប្រយោជន៍។
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងបរិស្ថាន