អ្នកជំនាញអន្ដរជាតិ៖ ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាន គឺជាសញ្ញាដ៏ល្អ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា
CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមទាំង ៣ប្រទេសផងដែរ។
ទន្ទឹមជាមួយគ្នា លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈកម្មការប្រកួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំការប្រកួតនេះឡើង ដែលលោកចាត់ទុកជាសញ្ញាដ៏ល្អ សម្រាប់ការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗរូបនេះ អះអាងថា ដំបូងឡើយមានអត្តពលិកជាង ១០ប្រទេសត្រៀមចូលរួម តែដោយសារបញ្ហាឥតព្រៀងទុក នៃជំងឺរាតត្បាតជាសកលកូវីដ-១៩ នៅនាទីចុងក្រោយ បានធ្វើឲ្យពួកគេខកខានទៅវិញ បន្ទាប់ពីការលុបចោលជើងហោះហើរមកកម្ពុជា។ តែយ៉ាង លោកសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតលើកក្រោយ ប្រទេសទាំងអស់ នឹងបានចូលរួមការប្រកួតនៅកម្ពុជាទាំងអស់គ្នា។
លោកមានសុទិដ្ឋិនិយមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ក្នុងការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ដើម្បីឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩»។ លោកបានប្រាប់កីឡាករ-កីឡាការិនីទាំងអស់ អោយធ្វើការប្រកួតដោយភាពកក់ក្ដៅ និងសប្បាយរីករាយ ហើយពេលត្រឡប់ទៅប្រទេសខ្លួនវិញ សូមប្រាប់ទៅមិត្តភ័ក្ដ្រ បងប្អូនខ្លួនថា តើទីក្រុងព្រះសីហនុ និងឆ្នេរសមុទ្រកម្ពុជា ស្រស់ស្អាតប៉ុណ្ណាទៀតផង។
ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមការប្រកួតផ្ទាល់ នៅខេត្តព្រះសីហនុ ពិសេសឯកឧត្តម បានថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែលបានគាំទ្រ និងអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ដើម្បីជាការធ្វើតេស្ដទីលាន និងវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គឺមានអត្តពលិក ៣ប្រទេសចូលរួម ស្មើនឹងកីឡាករ-កីឡាការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា នៅតំបន់ឆ្នេរសុខា ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។ ការប្រកួតនេះ សហការរៀបចំដោយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC៕
#យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍