មូលនិធិវេសឡាញតំណាងដោយលោកឧកញ៉ា ប៉ិច បូឡែន ក្លឹបសេដ្ឋជន និងក្រុមហ៊ុនថ្នាំពណ៌ខាំ ផែន(ថ្នាំពណ៌ជាតិ)

ដោយគំនិតផ្តួចផ្តើមរបស់លោកជំទាវសឿ សុជាតា មូលនិធិវេសឡាញតំណាងដោយលោកឧកញ៉ា ប៉ិច បូឡែន ក្លឹបសេដ្ឋជន និងក្រុមហ៊ុនថ្នាំពណ៌ខាំ ផែន(ថ្នាំពណ៌ជាតិ) រួមគ្នាសាងសងអគារមតេ្តយ្យសហគមន៍នៅតំបន់ដាច់ប្រយាលមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់នូវការអប់រំដ៏ល្អប្រសើរ កាត់បន្ថយអត្រាបោះបង់ចោលការសិក្សា និងសម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយរបស់សិស្សានុសិស្សជាង១០០នាក់ ។

 
មូលនិធិវេសឡាញតំណាងដោយលោកឧកញ៉ា ប៉ិច បូឡែន ក្លឹបសេដ្ឋជន និងក្រុមហ៊ុនថ្នាំពណ៌ខាំ ផែន(ថ្នាំពណ៌ជាតិ)

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “កន្លងមកកុមារក្នុងភូមិសន្លុង និងភូមិត្រពាំងចាន់ត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទៅសិក្សានៅបឋមសិក្សាមួយទៀត។ ការលំបាកនេះជាឧបសគ្គដល់កុមារក្នុងភូមិ និងមួយចំនួនទៀតសម្រេចចិត្តបោះបង់ចោលការសិក្សា។ ដោយមើលឃើញពីឧបសគ្គនេះ នាងខ្ញុំរួមនឹងសប្បុរជនបានសហការគ្នាសម្រេចសាងសងអគារមត្តេយ្យសហគមន៍នេះឡើង សម្រាប់កុមារបានបន្តការសិក្សា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យអប់រំនៅតំបន់ដាច់ស្រយាល។”

លោកជំទាវបានបញ្ជាក់ថា អគារនេះសាងសងអស់ទឹកប្រាក់ជាងមួយម៉ឺនដុល្លា ដែលមានថវិកាមួយចំនួនជារបស់លោកជំទាវផ្ទាល់ រួមជាមួយមូលនិធិវេសឡាញ ក្លឹបសេដ្ឋធុរជន និងក្រុមហ៊ុនថ្នាំពណ៌ខាំ ផែន(ថ្នាំពណ៌ជាតិ) ហើយក៏ជាកម្លាំងសាមគ្គីក្រោមដំបូលសន្តិភាពតែមួយ និងជាសមិទ្ធផលថ្មីនៃកម្លាំងសទ្ធាជ្រះរបស់ក្រុមការងារក្រសួងអប់រំចុះមូលដ្ឋានស្រុកបរិបូណ៌។

អគារមត្តេយ្យសហគមន៍ស្តង់ដារទំនើបនេះស្ថិតនៅភូមិសន្លុង ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ អគារមួយខ្នងនេះមាន៣បន្ទប់ អណ្តូងទឹក ធុងចម្រស់ទឹកស្អាត កន្លែងលាងដៃ សួនជីវចម្រុះ ទោង បន្ទប់សុខភាព បណ្ណាល័យ កុំព្យូទ័រ ប្រព័ន្ធអ៊ិនធឺណិត និងទីលានកីឡាផងដែរ៕