ខ្យល់កន្ត្រាក់វាយប្រហារបំផ្លាញតូបលក់ទំនិញជាង៦០តូប និងផ្ទះប្រជាពលរដ្ឋ១៥ខ្នង នៅក្រុងប៉ោយប៉ែត
យ៉ាងហោចណាស់មានតូបលក់ទំនិញ ជាង ៦០តូប នៅក្នុងតំបន់លក់ដូរផ្សារចំណុចដើមស្រល់ ជាប់អគារ PARAMAX ភូមិក្បាល ស្ពាន១ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១៥ខ្នងទៀត នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ បានទទួលរងការខូចខាតដោយសារការវាយប្រហារពីខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
ក្រោយបាតុភូតគ្រោះមហន្តរាយធម្មជាតិនេះភ្លាមៗលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ រួមជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារ បានចុះពិនិត្យដល់ទីតាំង ដែលបានរងការខូចខាតដោយសារឥទ្ធិពលភ្លៀងមួយមេធំ លាយ ឡំខ្យល់កន្រ្តាក់ដែលបានបោកបំបាក់ផ្សារចំណុចដើមស្រល់នេះ ស្ទើររាបស្មើដីនោះ។
លោកអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងថា ក្រោយពេលកើតហេតុ គ្រោះធម្មជាតិនេះភ្លាម អាជ្ញាធរដែនដីរួមនឹងក្រុមការងារបានអន្តរាគមន៍ចុះភ្លាមៗ ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះ ដើម្បីជួយសម្រួលដល់ការលំបាក និងបញ្ហា ប្រឈមនានារបស់ពួកគាត់នោះ។
ជាមួយនោះអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ក៏បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋយើង សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀង ផ្គររន្ទះ ខ្យល់ កន្ត្រាក់ ត្រូវប្រញាប់ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិតនោះ ៕
ប្រភព: ក្រសួងព័ត៌មាន