អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យសំណើសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនឯកជនមួយ ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ

ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងការពិនិត្យសំណើសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។

 
អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យសំណើសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុនឯកជនមួយ ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ

លោកអភិបាលរងខេត្ត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ដែលបានជ្រើសរើសទឹកដីនៃខេត្តកោះកុងសម្រាប់ការវិនិយោគគម្រោងពហុបំណងនេះ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។ ខណៈដែលគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់ស្តុកនៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត។

ទន្ទឹមនេះផងដែរ លោក អ៊ុក ភ័ក្ត្រា បានបង្ហាញធ្វើការចាប់អារម្មណ៍ និងលើកឡើងនូវសំណូមពរមួយចំនួនដូចខាងក្រោម ៖

១-ក្នុងករណីដែលក្រុមហ៊ុនទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវអនុវត្តគម្រោងតាមផែនការសកម្មភាពរបស់ខ្លួនស្របតាមពេលវេលានៃច្បាប់កំណត់ ជៀសវាងការទុកដីឱ្យនៅទំនេរ

២-កាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាន តាមរយៈវិធានការចាំបាច់ដែលមានស្រាប់ និងគិតគូរឱ្យបានខ្ពស់អំពីស្តង់ដានៃតំបន់បៃតងក្នុងគម្រោងអភិវឌ្ឍន៍

៣-លើកទឹកចិត្តឱ្យជ្រើសរើសកម្លាំងពលកម្មមូលដ្ឋានជាអាទិភាព និងបង្កឱ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរឡើង

៤-ត្រូវសហការជិតស្និទជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ និងរដ្ឋបាលមូលដ្ឋាន៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ រដ្ឋបាលខេត្តកោះកុង