វឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងខណៈពេលដែលវីរុសអូមីក្រុងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះ គឺការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដូសទី៣ ដោយសម្រេចបានចំនួន ៥ ២១២ ០៨៤ នាក់ និងដូសទី៤ សម្រេចបានចំនួន ៦៣៣ ៣៥០ នាក់ ក្នុងខណៈពេលដែលវីរុសអូមីក្រុងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍។
បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវវឌ្ឍនភាពក្តី ប៉ុន្តែការបន្តចូលរួមអនុវត្តវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុតមួយទៀត ដើម្បីការពារ ក៏ដូចជាកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅយ៉ាងលឿន និងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃម្សិលមិញនេះ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២១៤ ៧៣០ បានចាក់ដូសទី១ និងចំនួន ៩ ៨៦៩ ៩៥៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.១៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២០ ៩៨៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤៦ ៧៥៩ នាក់ ដែលស្មើនឹង ៩៩.៦៥% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១៣ ៧៣៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២៨ ១១៤ នាក់ ដែលស្មើនឹង ១០៦.១៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៧ ៤២៦ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥២ ៦០៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៧.៥៩%។
សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ សម្រេចចាក់បានចំនួន ១៤ ៣៧៦ ៨៨៣ នាក់ ដែលស្មើនឹង ៨៩.៨៦% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន