ការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាអប់រំ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាបានជួយគាំទ្រការបង្រៀននៅគ្រប់កាលៈទេសៈ ដើម្បីរក្សាគុណភាពអប់រំ
ក្នុងរយៈពេលពីរឆ្នាំនេះ វិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាព រស់នៅ និងវិស័យអប់រំនៅកម្ពុជា និងប្រទេសនៅលើពិភពលោក ប៉ុន្តែកូវីដក៏បានជម្រុញពន្លឿននៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាអប់រំ និងផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់បុគ្គលិកសិក្សាបានប្រសើរជាងមុន សម្រាប់ជួយគាំទ្រដល់ការរៀននិងការបង្រៀនតាមប្រព័ន្ធអនឡាញនៅគ្រប់កាលៈទេសៈ ដើម្បីរក្សាគុណភាពអប់រំ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងកិច្ច ប្រជុំបូកសរុបការងារប្រចាំឆ្នាំកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកឧកញ៉ាបានបន្តទៀតថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានពង្រឹងវិសាលភាពរបស់ខ្លួនទៅលើការបង្រៀននិងរៀន តាមប្រព័ន្ធអនឡាញឆ្លងពីសាខាមួយទៅសាខាមួយ និងឆ្លង ពីរាជធានីទៅបណ្តាខេត្តនានាបានប្រសើរជាងមុន។
ទោះបីជាសិស្សានុសិស្សវិលត្រឡប់មកសិក្សានៅថ្នាក់រៀនផ្ទាល់វិញក៏ដោយ លោកឧកញ៉ាបានផ្តល់ការណែនាំដល់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ ត្រូវបន្តរក្សាឧបករណ៍បច្ចេកទេសបង្រៀនផ្សេងៗ ទាំងនៅសាលារៀន និងនៅផ្ទះរបស់លោកគ្រូអ្នកគ្រូ ដើម្បីត្រៀមលក្ខណៈប្តូរមកបង្រៀន តាមប្រព័ន្ធអនឡាញវិញ បើក្នុងករណីសិស្សនៅក្នុងថ្នាក់មានពាក់ព័ន្ធ នឹងជំងឺកូវីដប្រភេទថ្មី។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបញ្ចាក់ថា គុណភាពអប់រំនៃការបង្រៀន តាមប្រព័ន្ធអនឡាញមិនទាន់ល្អប្រសើរនៅឡើងបើប្រៀបធៀបនឹងការបង្រៀននៅថ្នាក់រៀនផ្ទាល់ ហើយក៏ជះផលអវិជ្ជមានមួយចំនួនដល់សិស្សផងដែរ ដូចនេះសាលារៀនត្រូវសហការជាមួយអ្នកអាណាព្យាបាលឲ្យបានជិតស្និត ដើម្បីតាមដានការសិក្សា ការអភិវឌ្ឍ និងសុខភាពរបស់សិស្សបន្ថែមទៀត។
ទន្ទឹមនឹងប្រទេសកម្ពុជាស្ថិតនៅសម័យបច្ចេកវិទ្យា និងរបៀបរស់ នៅគន្លងបរិបទថ្មី លោកឧកញ៉ាបានជម្រុញការិយាល័យកណ្តាល និងសាខាជួយគាំទ្រ និងបង្រៀនជំនាញផ្នែកបច្ចេកវិទ្យាដល់ បុគ្គលិកគ្រប់ផ្នែក និងគ្រប់វ័យទាំងអស់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត និងបន្តដំណើរជាមួយសាលារៀននៅថ្ងៃអនាគត។
ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ទៀតថា ប្រព័ន្ធបច្ចេកវិទ្យាអប់រំរបស់ សាលារៀន រួមមានប្រព័ន្ធអប់រំគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង ការសិក្សា និងប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀននិងរៀនត្រូវបានអភិវឌ្ឍ និងកំពុងដាក់ឲ្យប្រើប្រាស់ជាងពីរឆ្នាំ ហើយសាលារៀននៅតែត្រួតពិនិត្យ តាមដានប្រសិទ្ធភាព និងស្វែងរកចំណុចខ្វះខាត ដើម្បីអភិវឌ្ឍបន្ថែមទៀត ក្នុងទិសដៅបម្រើដល់វិស័យអប់រំ និងចរន្តប្រតិបតិ្តការសាលារៀន នៅពេលអនាគត៕