[COVID-19] កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មីរយៈពេល១១ថ្ងៃជាប់ៗគ្នា

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានគិតត្រឹមព្រឹកម៉ោង៧ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នេះថា កម្ពុជាមិនមានករណីជាសះស្បើយបន្ថែមទៀត ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះដែរ។

 
[COVID-19] កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មីរយៈពេល១១ថ្ងៃជាប់ៗគ្នា

សូមជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈអ្នកជាសះស្បើយមានចំនួន ១១០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១២ករណីប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានក្រើនរម្លឹកដល់សាធារណៈជនថា ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមសាធារណោៈជនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាង​ និងពិភពលោកនៅបន្តរាតត្បាតខ្លាំងក្លានៅឡើយ។

សូមបញ្ជាក់ថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ មករា​ ២០២០​៕

ដោយ៖ ចាប មិថុនា