ប្រធាធិបតីកូរ៉េខាងត្បូង សន្យាថានឹងពង្រីងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនៅឯកិច្ចប្រជុំកំពូលផាន់មុនជុំ (Panmunjom)
សេអ៊ូល៖ លោក មូន ចេ អ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានលើកឡើងថារដ្ឋាភិបាលរបស់លោកនឹងបន្តឆ្ពោះទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តការដែលលោកហៅថា “ជាក់ស្តែង និងអាចអនុវត្ត” បាន ជាមួយកូរ៉េខាងជើង បើទោះបីជាមានបញ្ហាប្រឈមជាអន្តរជាតិក៏ដោយ និងខណៈការរាតត្បាតជាសកលនៃវីរុសកូវីដ១៩កំពុងបន្ត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង។
លោក មូន ចេ អ៊ីន ថ្លែងបែបនេះទំនងសម្តៅទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អង្គការសហប្រជាជាតិ ទៅកាន់ទីក្រុងព្យុងយ៉ាង អំឡុងដែលលោកនិយាយអំពីខួបលើកទី២នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ផាន់មុនជុំ (Panmunjom)ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
លោកបានបន្ថែមទៀតថា វិបត្តិកូវីដ១៩ នាំមកនូវឱកាសនៃកិច្ចសហការទ្វេភាគីសម្រាប់ប្រទេសទាំងពីរ ដោយលោកបានលើកឡើងពីកិច្ចសហការរួមគ្នាជាច្រើនដូចជា ការដោះស្រាយបញ្ហាជំងឺឆ្លង គ្រោះមហន្តរាយនៅតាមតំបន់ព្រំដែន និងបញ្ហាអាកាសធាតុទៀតផង។
លោកក៏បានសង្កត់ធ្ងន់ទៀតថា កូរ៉េខាងត្បូងនឹងធ្វើអ្វីៗដែលខ្លួនអាចបាន ដើម្បីបន្តគម្រោងតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ។
កាលពីថ្ងៃចន្ទដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលទទួលបន្ទុកកិច្ចការទីក្រុងព្យុងយ៉ាងក៏បានបង្ហាញការតាំងចិត្តអំពីគម្រោងផ្លូវដែកឆ្លងកាត់តំបន់គ្មានយោធាផងដែរ។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងក្លាយជាប្រធានបទអូសបន្លាយដ៏យូរចំពោះការដាក់ទណ្ឌកម្មដ៏តឹងរឹងដោយសារកម្មវិធីធ្វើតេស្តមីស៊ីល និងអាវុនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសកូរ៉េខាងត្បូងមានផែនការផ្តល់អាទិភាពចំពោះការបន្តកម្មវិធីអន្តរកូរ៉េដែលនឹងមិនកំណត់អំពីការដាក់ទណ្ឌកម្ម ឬទទួលករណីលើកលែងណាមួយនោះទេ។
រដ្ឋបាលលោក មូន ចេ អ៊ីន បានចំណាយពេលភាគច្រើនកាលពីឆ្នាំមុនរង់ចាំលទ្ធផលជាក់ស្តែងពីកិច្ចពិភាក្សារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ដែលគ្មានប្រសិទ្ធភាព។
លោកបានសង្កត់ធ្ងន់ថា ការរីកចម្រើនតិចតួចចំពោះការអនុវត្តកិច្ចព្រមព្រៀងនេះមិនមែនដោយសារតែខ្វះការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េទាំងពីរចំពោះសកម្មភាពនោះទេ ប៉ុន្តែដោយសារតែការបរាជ័យមិនអាចជំនះការរឹតត្បិតរបស់អន្តរជាតិដែលមានស្រាប់។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនោះដែរ លោក មូន ចេ អ៊ីន ប្រធាធិបតីកូរ៉េខាងត្បូងមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយជុំវិញពាក្យចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយនានាដែលថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន ធ្លាក់ខ្លួនឈឺជាទម្ងន់ក្រោយការវះកាត់បេះដូង៕
ប្រភព៖ Yonhap ប្រែសម្រួល៖ ចាប មិថុនា