ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន អញ្ជើញជាអធិបតី “បិទ” វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡាទោចក្រយាន “COMMISSAIRES COURSE” ឆ្នាំ២០២២
(សៀមរាប)៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានអញ្ជើញជាអធិបតីក្នុងពិធី “បិទ” វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡាទោចក្រយាន “COMMISSAIRES COURSE” ឆ្នាំ២០២២។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងអ្នករៀបចំការប្រកួតកីឡាទោចក្រយាន, លោក Nuthapong Lohitnavy គ្រូឧទ្ទេសនាម ដែលបានអញ្ជើញមកពីព្រះរាជាណាចក្រថៃ, លោក លោកស្រីប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡាទោចក្រយាន ប្រចាំឆ្នាំ២០២២ នេះ ប្រកបដោយភាពជោគជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នេះ បានបញ្ចប់ទៅដោយរលូន និងទទួលជោគជ័យជាស្ថាពរនៅថ្ងៃនេះ គឺពិតជាធ្វើឱ្យមន្ត្រីគណៈកម្មការបច្ចេកទេសទទួលបាននូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងការរៀបចំការប្រកួតកីឡាទោចក្រយាន ការគោរពតាមលក្ខខណ្ឌបច្ចេកទេស និងស្តង់ដារត្រឹមត្រូវជាអន្តរជាតិ ជាពិសេសគឺដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ខានស្អែកនេះ ហើយលើសពីនេះទៀត គឺត្រៀមលក្ខណៈដើម្បីចូលរួមការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់ប្រតិភូ គ្រូបង្វឹក ឱ្យខិតខំយកចិត្តទុកដាក់ប្រមែប្រមូលសម្រិតសម្រាំងនូវវិធីសាស្ត្រល្អៗ និងបច្ចេកទេសគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីបង្ហាត់បង្ហាញដល់កីឡាករ កីឡាការិនីទាំងអស់ ឱ្យដណ្តើមបានប្រៀបឈ្នះលើគ្រប់ទីលានប្រកួត ជាពិសេសគឺព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះការប្រកួតដ៏ស្វិតស្វាញក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងឈានចូលមកដល់ក្នុងរយៈពេលជាង ១០០ថ្ងៃទៀតប៉ុណ្ណោះ តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាដែលជាប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកប្រតិបត្តិគ្រប់ផ្នែក និងការយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតីរបស់គ្រូបង្វឹកគ្រប់រូប ព្រមទាំងការព្យាយាមហ្វឹកហាត់ជាប្រចាំរបស់កីឡាករ កីឡាការិនីទាំងអស់ គឺពិតជានឹងធ្វើឱ្យសហព័ន្ធខ្មែរកីឡាទោចក្រយានទទួលបានជ័យលាភីគ្រប់វិញ្ញាសារប្រកួត ជាក់ច្បាស់មិនខានឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលនានាដែលទទួលបានក្រោមដំបូលនៃសុខសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត តាមរយៈការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលបានធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ត្រូវបានអន្តរជាតិទទួលស្គាល់ថាមានភាពរឹងមាំទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ជាក់ស្ដែង យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដោយមិនប្រកាន់និន្នាការ ឋានៈ ពូជសាសន៍ ពណ៌សម្បុរ របស់ សម្តេចតេជោ ពិតជាបានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបើកឱ្យមានសកម្មភាពឡើងវិញគ្រប់ផ្នែក គ្រប់វិស័យ ទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ច រួមទាំងសកម្មភាពកីឡាគ្រប់ប្រភេទផងដែរ បន្ទាប់ពីត្រូវបានអាក់ខានអស់មួយរយៈកន្លងមក។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរផងដែរ ចំពោះគ្រូឧទ្ទេសនាម ដែលបានអញ្ជើញមកពីព្រះរាជាណាចក្រថៃ លោក Nuthapong Lohitnavy និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា ជាពិសេសប្រតិភូដឹកនាំក្រុមកីឡាទោចក្រយាន តាមបណ្តាខេត្ត និងក្រុងទាំងអស់ ដែលបានមកចូលរួមរៀនវគ្គបណ្តុះបណ្តាលនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា លោក លោកស្រីប្រតិភូ គ្រូបង្វឹកដែលជាសិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលខ្លួនទទួលបាននេះ ទៅចែករំលែកបន្តដល់សមាគម-ក្លិប និងក្រុមកីឡាករ-កីឡាការិនីរបស់រាជធានី-ខេត្តរៀងៗខ្លួន ស្របតាមផែនការអភិវឌ្ឍជំនាញបច្ចេកទេសសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋបាលខេត្តសៀមរាប, មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប, មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ដែលបានចូលរួមសហការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីប្រកួតនាថ្ងៃខាងមុខនេះ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម