កូរ៉េខាងជើងតម្លើងឧបករណ៏បំពងសម្លេងនៅតាមព្រំដែនសារជាថ្មី
ទីក្រុងសេអ៊ូល៖ កងទ័ពកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារ៏នេះថា កូរ៉េខាងជើងកំពុងតម្លើងឧបករណ៏បំពងសម្លេងឆ្លងកាត់ព្រំដែនសារជាថ្មី បំផ្ទុះការឃោសនាក្នុងជំហ៊ានចុងក្រោយបង្អស់របស់គេពីកិច្ចព្រមព្រៀងសន្តិភាពអន្តរកូរ៉េ ជំរុញឲ្យកងទ័ពកូរ៉េខាងត្បូងធ្វើសកម្មភាពស្រដៀងគ្នាដែរ។ នេះបើតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងតែកើនឡើងក្នុងរយៈពេលថ្មីៗនេះបន្ទាប់ពីកូរ៉េខាងជើងបានកម្ទេចការិយាល័យទំនាក់ទំនងរួមមួយនៅព្រំដែនរបស់គេ ដោយប្រកាសបញ្ចប់ការសន្ទនា និងគម្រាមកំហែងសកម្មភាពយោធា។
សូមជម្រាបផងដែរថា រូបភាពផ្កាយរណបបានបង្ហាញពីសភាពការិយាល័យទំនាក់ទំនងរួម ដែលកូរ៉េខាងជើងបាញ់កម្ទេច គឺនៅឈរនៅឡើយ ប៉ុន្តែមានការខូចខាតយ៉ាងខ្លាំងផងដែរ៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ