សកម្មជនវ័យក្មេងនិយាយថា គាត់នឹងក្លាយជាគោលដៅសំខាន់នៃច្បាប់សន្តិសុខថ្មីរបស់ចិន
ហុងកុង៖ សកម្មជនប្រជាធិបតេយ្យហុងកុងលោក Joshua Wong ជឿជាក់ថា គាត់នឹងក្លាយជាគោល ដៅសំខាន់បំផុតនៃការដាក់ចេញច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងប៉េកាំង ដែលក្រុមអ្នករិះគន់និយាយថា ជាទីក្រុងដែលនឹងបំបិទសិទ្ធិសេរីភាពដែលគេចង់បាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ច្បាប់សន្តិសុខជាតិថ្មីបង្កើតឡើងក្នុងគោលដៅដោះស្រាយការបំបែកខ្លួន ការធ្វើវិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិតជាមួយបរទេស បើទោះបីជាវាមិនមានភាពច្បាស់លាស់ថា សកម្មភាពអ្វីខ្លះនឹងអាចធ្វើឲ្យមានឧក្រិដ្ឋកម្ម និងទណ្ឌកម្មទាំងនេះក៏ដោយ។
សកម្មជនវ័យក្មេងបានប្រមូលយកការគាំទ្រសម្រាប់ចលនាគាំទ្រប្រជាធិបតេយ្យពីបរទេស ហើយបាន ជួបអ្នកនយោបាយជាច្រើននៅសហរដ្ឋអាមេរិក សហគមអ៊ឺរ៉ុប និងប្រទេសផ្សេងៗទៀត ក៏ដូចជាបញ្ឆេះកំហឹងទីក្រុងប៉េកាំង ហើយគាត់ក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកចូលដៃជាមួយបរទេស។
លើសពីនេះទៅទៀត លោក Wong បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា គាត់នឹងក្លាយជាគោលដៅសំខាន់នៃច្បាប់ថ្មី ហើយគាត់មិនខ្លាចនឹងការជាប់ពន្ធនាគារនោះទេ ប៉ុន្តែអ្វីដែលគាត់ខ្លាច គឺច្បាប់សន្តិសុខជាតិថ្មីនេះមិនត្រឹមតែប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់គាត់នោះទេ ថែមទាំងអាចគម្រាមកំហែងដល់អនាគតទីក្រុងទាំងមូលទៀតផង។
សូមរម្លឹកផងដែរថា លោក Joshua Wong ជាបុរសអាយុ២៣ឆ្នាំ ដែលគេទទួលស្គាល់ជុំវិញពិភពលោកនៅក្នុងចលនាគាំទ្រប្រជាធិបតេយ្យទីក្រុងហុងកុង។ កាលពីនៅអនុវិទ្យាល័យគាត់បានដឹកនាំកូដកម្មអត់អាហារប្រឆាំងនឹងប្រព័ន្ធអប់រំជាតិ ក្រោយមកទៀតក៏បានក្លាយជាមេដឹកនាំបាតុកម្មក្នុងចលនាគាំទ្រប្រជាធិបតេយ្យនៅឆ្នាំ២០១៤៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ