សូមជួយគ្រាំទ្រផលិតផលខ្មែរ! កម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម
ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្ម មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្ដាជ្រាបថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។ គម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល ក្នុងរាជធានី-ខេត្ដ ចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១២ ដែលមានដូចជា៖
- ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី រាជធានីភ្នំពេញ
- ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារ ខេត្ដបាត់ដំបង
- ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្ដកំពង់ចាម
- ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់
- ស្ថានីយប្រេងឥន្ធនៈភីធីធីឧដ្ដុង្គ និងក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង
- ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្ដបន្ទាយមានជ័យ
- ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្ដស្វាយរៀង
- ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្ដព្រៃវែង
- ស្ថានីយប្រេងឥន្ធនៈភីធីធីក្រចេះក្រុង ខេត្ដក្រចេះ
- ស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្ដព្រះសីហនុ
- នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្ដស្ទឹងត្រែង
ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។
សូមបងប្អូនប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារមិនទាន់មានកន្លែងលក់ដូរ បើចង់លក់នៅទីតាំងដែលត្រូវអនុវត្ដគម្រោងខាងលើសូមទំនាក់ទំនងមកក្រុមការងារក្រសួងពាណិជ្ជកម្មតាមលេខទូរសព្ទ៖ ០១២ ៨៥១ ២៣៩, ០៩៩ ៩៥៤ ៥៦៥, ០៨៩ ៣៦០ ៣៣៣ ឬធ្វើការទំនាក់ទំនងទៅមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ដគោលដៅខាងលើ។
សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រផលិតផលខ្មែរដោយផ្ទាល់នៅតាមទីតាំងដែលបានភ្ជាប់ជូនតាមរយៈតំណលីង៖ https://bit.ly/45KSQVL ។
“គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ”
“ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”
ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce