អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ខួរក្បាលដែលទាក់ទងជាមួយវីរុសកូវីដ១៩
ទីក្រុងឡុងដ៍៖ កាលពីថ្ងៃពុធក្រុមអ្នកវិទ្យាសាស្ត្របានព្រមានអំពីហានិភ័យពីការប៉ះពាល់ខួរក្បាល ដែលភស្តុតាងថ្មីបានបង្ហាញថា វីរុសកូវីដ១៩ អាចនាំឲ្យមានផលវិបាកដល់ប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ មានទាំងការរលាក ជម្ងឺវិកលចរិក និងភ្លេចភ្លាំង។
ការសិក្សាមួយដោយក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យទីក្រុងឡុងដ៍បានឲ្យដឹងថា មានអ្នកជម្ងឺកូរ៉ូណាជាច្រើននាក់ដែលទទួលរងការប៉ះទង្គិចមុខងារខួរក្បាល ជម្ងឺដាច់សរសៃឈាមខួរក្បាល ខូចសរសៃ ប្រសាទ ឬផលប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរដទៃទៀត។
មិនតែប៉ុណ្ណោះអ្នកជំនាញខាងសរសៃប្រសាទ និងគ្រូពេទ្យឯកទេសខាងខួរក្បាលពិតជាមានការព្រួយបារម្ភពីភស្តុតាង ដែលបង្ហាញពីផលប៉ះពាល់របស់វាទៅលើខួរក្បាល។
សូមជម្រាបថា អ្នកជំនាញផ្នែកសរសៃប្រសាទកំពុងដំណើរការគម្រោងស្រាវជ្រាវអន្តរជាតិមួយ ដែល អាចឲ្យអ្នកជម្ងឺធ្វើតេស្តដើម្បីដឹងថាមុខងារខួរក្បាលរបស់ពួកគេត្រូវបានផ្លាស់ប្តូរបន្ទាប់ពីឆ្លងវីរុស
កូវីដ១៩ ឬយ៉ាងណា៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ