ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បង្ហាញការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធនធានធម្មជាតិតាមបែបបច្ចេកវិទ្យាទំនើបៗ
ការការពារ និងអភិរក្សធនធានធម្មជាតិ គឺការងារអាទិភាពបំផុត ដែលក្រសួងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយខុសច្បាប់។ នេះជាការថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD កាលពីនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ចូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។ ជាក់ស្តែងក្រសួងបរិស្ថានបានប្រើប្រាស់រួចទៅហើយ ចំពោះការពិនិត្យ តាមដាន និងវិភាគព័ត៌មានតាមរយៈទិន្នន័យដែលទទួលបានផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតអំពីប្រសិទ្ធភាពនៃគម្រោង ដើម្បីជំរុញការងារគ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង ធានាឱ្យបាននូវ ផលប្រយោជន៍ជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសការរក្សាបាន នូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD បាននិងកំពុង ប្រតិបត្តិការផ្កាយរណបសង្កេតផែនដីចំនួន ៤០គ្រឿង ក្នុងគន្លងតារាវិថី ដែលមានវិសាលភាពទូលំទូលាយបំផុត ក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតផលទិន្នន័យពីផ្កាយរណប។ ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត៕