ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត បានបញ្ចប់ដោយជោគជ័យ ខណៈនៅឆ្នាំក្រោយនឹងប្រារព្ធធ្វើនៅខេត្តកោះកុងវិញម្តង
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរការអស់រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាយពេលបន្តបន្ទាប់ទៀត។ ខណៈដែលអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិ បានកោតសរសើរ ថាការរៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឱ្យចងចាំខេត្តកំពត។
ថ្លែងក្នុងឱកាសបិទបញ្ចប់ពិធីបុណ្យសមុទ្រនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រនៅខេត្តកំពត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ បានបញ្ចប់ដោយជោគជ័យគួរឱ្យមោទកៈបំផុត។
សូមជម្រាបថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យសមុទ្រនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ៣៨៩.១៦៨នាក់ ក្នុងនោះភ្ញៀវជាតិ ៣៨៥.៥៥៣នាក់ និងទេសចរបរទេស ៣.៦១៥នាក់ បានអញ្ជើញចូលរួមដោយទទួលភាពសប្បាយរីករាយ តាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information