យន្តហោះយោធាអាមេរិក KC-135 ធ្លាក់នៅអុីរ៉ាក់ បណ្តាលឱ្យនាវិកទាំង ៦ នាក់បាត់បង់ជីវិត
យន្តហោះចាក់ប្រេងអាមេរិក KC-135 បានធ្លាក់នៅភាគខាងលិចអុីរ៉ាក់ សម្លាប់នាវិកទាំង ៦ នាក់។អាមេរិកអះអាងថាជាបញ្ហាបច្ចេកទេសប៉ុន្តែក្រុមសត្រូវនៅអុីរ៉ាក់អះអាងថាពួកគេជាអ្នកបាញ់ទម្លាក់។
យន្តហោះចាក់ប្រេងលើអាកាសប្រភេទ KC-135 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់នៅភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ យោងតាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) នាវិកទាំង ៦ នាក់ដែលនៅលើនោះ ត្រូវបានប្រកាសថាបានបាត់បង់ជីវិតទាំងអស់។យន្តហោះ KC-135 នេះបានធ្លាក់នៅវេលាម៉ោង ២ រសៀល (ម៉ោងនៅអាមេរិក)។ បើទោះបីជាមានការលើកឡើងផ្សេងៗគ្នាក៏ដោយ ប៉ុន្តែយោធាអាមេរិកបានអះអាងថា មូលហេតុនៃគ្រោះថ្នាក់នេះ មិនមែនបណ្តាលមកពីការបាញ់ប្រហាររបស់សត្រូវនោះទេ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេតយ៉ាងលម្អិតអំពីមូលហេតុពិតប្រាកដ។ហេតុការណ៍នេះបានធ្វើឱ្យចំនួនទាហានអាមេរិកដែលបានស្លាប់ ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ ១៣ នាក់ហើយ។ យន្តហោះ KC-135 នេះ ក៏ជាយន្តហោះយោធាអាមេរិកទី ៤ ផងដែរ ដែលត្រូវបានបាត់បង់នៅក្នុងជម្លោះនេះ បន្ទាប់ពីយន្តហោះចម្បាំង F-15 ចំនួន ៣ គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់កាលពីពេលមុន។ផ្ទុយពីការបញ្ជាក់របស់អាមេរិក យោធាអ៊ីរ៉ង់បានផ្សាយតាមទូរទស្សន៍រដ្ឋថា ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ (Islamic Resistance in Iraq) គឺជាអ្នកបាញ់ទម្លាក់យន្តហោះនេះដោយប្រើមីស៊ីល។ ក្រុមប្រដាប់អាវុធនោះ ក៏បានអះអាងផងដែរថា ពួកគេបានកំណត់គោលដៅលើយន្តហោះមួយគ្រឿងទៀត ប៉ុន្តែវាបានហោះគេចផុតដោយសុវត្ថិភាព។យន្តហោះប្រភេទ KC-135 គឺជាយន្តហោះចាក់ប្រេងដ៏មានសារៈសំខាន់ ដែលមានអាយុកាលប្រតិបត្តិការជាង ៦០ ឆ្នាំមកហើយ។ ជាទូទៅ វាមាននាវិក ៣ នាក់ ប៉ុន្តែក្នុងបេសកកម្មខ្លះ អាចមាននាវិកបន្ថែមរហូតដល់ ៦ នាក់ ឬដឹកអ្នកដំណើរបានដល់ ៣៧ នាក់៕

ប្រភព៖ CNA


















