កម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០៤ករណីបន្ថែមទៀតហើយ
កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន ០៤ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២១៤នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២៤៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៧ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន ០៤ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២១៤(ស្មើនឹង ៨៨,០៧% ធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប ២៤៣នាក់) ក្នុងនោះមានស្រ្តី ៤៦នាក់ និងបុរស ១៦៨នាក់។
សូមជម្រាបថា ករណីជាសះស្បើយកូវីដ-១៩ទាំង ៤ករណីសុទ្ធតែជាបុរស ហើយក៏ជាអ្នកដំណើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជា។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ២៩នាក់នៅមន្ទីរពេទ្យ មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ដោយឡែកស្រ្តី ០១ជនជាតិកាហ្សាក់ស្តង់ ដែលបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ត្រូវបានប្តូរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០កាលពីម្សិលមិញ។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល