បារាំងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅសមុទ្រមេឌីទែរ៉ាណេស្របពេលមានភាពតានតឹងជាមួយប្រទេសតួកគី
ទីក្រុងប៉ារីស៖ កងកម្លាំងយោធាបារាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសបារាំងនឹងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងច្រើនគ្រឿងទៅសមុទ្រមេឌីទែរ៉ាណេ ខណៈពេលដែលភាពតានតឹង ជាមួយតួកគីកំពុងកើនឡើង។
មន្ត្រីយោធាបារាំងបានគូសបញ្ជាក់ថា ដើម្បីគម្រោងការបង្កើនកម្លាំងកងទ័ពនៅក្នុងតំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ (Mediterranean) បារាំងនឹងបញ្ជូនយន្តហោះចម្បាំង រ៉ាហ្វេល (Rafale) ចំនួន ២គ្រឿង និងនាវាចម្បាំង ឡាហ្វាយ៉េត (Lafayette) ទៅតំបន់នោះ។
លើសពីនេះទៅទៀត កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីបារាំង អេម៉ានុយ អែលម៉ារ៉ុន (Emmanuel Macron) បានអំពាវនាវឲ្យតួកគីបញ្ឈប់ការរុករកប្រេង និងឧស្ម័ននៅក្នុងដែនទឹក ដែលរឹតតែធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសក្រិក។
ប្រភព៖ Reuters ប្រែសម្រួល៖ កង ស្រីលីន